បណ្តាញសង្គម

ក្រសួងការពារជាតិ ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីបុណ្យរយៈពេល៣ថ្ងៃ ដើម្បីអបអរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប២០ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិល

(ភ្នំពេញ)៖ អនុគណៈកម្មការ មួយរបស់ក្រសួងការពារជាតិ ដែលបង្កើតឡើងដើម្បី រៀបចំពិធីសម្ពោធ វិមានឈ្នះឈ្នះ និងពិធីអបអរសាទរដល់ខួបលើកទី២០ នៃការបញ្ចប់សង្រ្គាម សុីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យ នយោបាយឈ្នះឈ្នះនោះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលការងារ របស់ខ្លួន ដើម្បីត្រៀមរៀបចំពិធីខាងលើនេះ ឱ្យដំណើរការរលូន និងប្រកបដោយ ភាពសប្បាយរីករាយ។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះ ដឹកនាំដោយ កិច្ចប្រជុំនេះដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួន។

លោកបានបន្តថា៖ «ដោយអនុវត្តតាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្មវិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាម សុីវិលនៅកម្ពុជា នឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅវិមានឈ្នះ-ឈ្នះ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដោយបើកឱ្យបងប្អូនប្រជាពល រដ្ឋខ្មែរនានា ចូលរាំមកកម្សាន្ត សប្បាយទាំងថ្ងៃទាំងយប់ផងដែរ»។

ពិធីសម្ពោធវិមានប្រវត្តិសាស្រ្តនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកបង្កើត នូវនយោបាយឈ្នះឈ្នះ រហូតដល់បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ហើយបានកសាងនូវសន្តិភាព និងការអភិវឌ្ឍជូន ជាតិមាតុភូមិរហូតដល់សព្វថ្ងៃ។

វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយសង្ឃឹមថា នឹងសង់រួចជាស្ថាពរ នៅពេលដ៏ខ្លីខាងមុខនេះ៕

ដកស្រង់ពី៖  Fresh News