បណ្តាញសង្គម

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវប្រជាពលរដ្ឋថែទាំ សម្អាតអនាម័យ ជុំវិញផ្លូវក្នុងទីប្រជុំជន និងតាមដងស្ទឹង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកដំបូង

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែទាំ សម្អាតអនាម័យ ជុំវិញផ្លូវក្នុងទីប្រជុំជន និងតាមដងស្ទឹង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាឱ្យបាន ច្រើនកុះករ ក្នុងពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹទ្ធទៅចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។

លោកអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវបែបនេះ ក្នុងឱកាសចុះសួរសុខទុក អាជីវករផ្សារពោធិ៍សាត់ ពិនិត្យវេទិកាអុំទូក និងហេដ្ឋានរចនា សម្ព័ន្ធបំពេញបន្ថែម លើការរៀបចំប្រព័ន្ធលូរំដោះទឹក តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ ការស្តារឡើងវិញ កំណាត់ផ្លូវកៅស៊ូលេខ២០៧ ចូលវត្តពាលញែក ធ្វើយ៉ាងណាឲ្យលេច ចេញនូវសោភណ្ឌភាព ផាសុកភាព។

លោក ម៉ៅ ធនិន បានថ្លែងថា ឆ្នាំនេះរដ្ឋបាលខេត្តបាន រៀបចំពិធីប្រណាំងទូក «ង» ខ្នាតអន្តជាតិ ដែលមានទូកចូលរួម ប្រកួតចំនួន១៣គូ។ លោកសង្ឃឹមថា នៅថ្ងៃប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ឆាប់ៗខាងមុខនេះ នឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនា មិនតិចជាងមួយម៉ឺននាក់ឡើយ។

លោកបន្ថែមថា ក្រោយបញ្ចប់ពិធីប្រណាំង ទូកខាងលើនេះ វេទិកាដែលសាងសង់ឡើងដោយ ប្រភេទឈើប្រណិត ស្របតាមបទដ្ឋានបុរាណខ្មែរ នឹងប្រគល់ជូនកង កម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សម្រាប់ធ្វើជាស្នាក់ ការល្បាតការពារ សន្តិសុខសណ្តាប់ធ្នាប់ជូន បងប្អូនប្រជាពលរដ្ឋយើង។

ដោយឡែកបងប្អូនដែលរៀបអាពាហ៍ពិពាហ៍ មានលំនៅដ្ឋានក្បែរនឹងរោងវេទិកានេះ អាចចាប់ផ្តើមរៀបជំនូនដង្ហែរ ចេញពីទីនេះក៏បាន។

បន្ថែមពីនោះ លោកអភិបាលខេត្ត បានជម្រុញឲ្យអ្នកទទួល ម៉ៅការភាស៊ីផ្សារ ត្រូវបន្ថែមបំពាក់ប្រព័ន្ធ សារ៉ែនសុវត្ថិភាព នៅពេលមានផ្សែង ឬហេតុការណ៍អ្វីកើត មានឡើងជាយថាហេតុ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនអាជីវករ។

លោកក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផងដែរថា “បងប្អូនត្រូវតែដឹងគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, បើគ្មានសម្តេចទេ នោះក៏គ្មានវត្តមានរបស់លោក នៅទីនេះដែរ, ហើយការដែលយើងមានសព្វថ្ងៃ គឺដោយសារគុណ ៧ មករា ១៩៧៩ នាំឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៌”។

តំណាងអាជីវករ បានធ្វើការប្តេជ្ញាចិត្តដើរតាមមាគា របស់សម្តេចតេជោ ហ៊ុន សែន និងសំណូមពរដល់សម្តេច សូមកុំឲ្យអភិបាលខេត្ត ដែលមានចិត្តមេត្តាករុណា និងមានព្រហ្មវិហាធម៌ចំពោះប្រជាពលរដ្ឋ ចាកចេញឆ្ងាយពីខេត្ត ពោធិ៍សាត់នេះឡើយ។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យ គម្រោងអភិវឌ្ឍន៍បន្ត សួនច្បារ ៧មករា ដែលកសាងឡើងក្នុងអំឡុង អាណត្តិអតីតអភិបាលខេត្ត លោក អ៊ុង សាម៉ី នៅជាប់ស្ពានថ្ម ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ផងដែរ៕

ដកស្រង់ពី៖ Fresh News