បណ្តាញសង្គម

លោកស្រី ឃួន សុដារី តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាល និងចែកអំណោយ ជូនកម្មករ កម្មការិនី ក្រុមហ៊ុនស៊ីនទ្រី និងមន្ទីរសាធារណការ ២,២៦៥នាក់

(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជួប សំណេះសំណាល ចែកអំណោយជាស្បៀង និងសម្ភារកាកបាទក្រហមកម្ពុជា ជូនកម្មករ កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី ចំនួន ១,៨០៦នាក់ និងកម្មករ កម្មការិនី មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចំនួន៤៥៩នាក់ សរុបចំនួន ២,២៦៥នាក់ ក្នុងរាជធានីភ្នំពេញ។

ការអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនីនេះ បានប្រារព្ធធ្វើឡើង នៅទីស្នាក់កណ្ដាល កាកបាទក្រហមកម្ពុជា ដែលតែងតែ ប្រព្រឹត្ដធ្វើជារៀងរាល់ឆ្នាំ ដើម្បីដឹងពីសុខ ទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហា ប្រឈមនានារបស់ពួកគេផងដែរ។

សូមជម្រាបថា ប្រជាពលរដ្ឋកម្ពុជា បានចាត់ទុកសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមាតាមនុស្សធម៌ និងជាថ្នាក់ដឹកនាំដ៏គំរូ ដែលបានដឹកនាំ កាកបាទក្រហមកម្ពុជា ដោយមានការយកចិត្តទុកដាក់ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្ត ដល់ប្រជាជនទូទៅ ដែលជួបការលំបាក ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺជួយសង្គ្រោះ គ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងទាន់ពេលវេលា ទាំងស្បៀងឧបភោគបរិភោគ លំនៅឋាន អណ្ដូងទឹក គ្រោះធម្មជាតិ បញ្ហាស្រូវស្រែចំការ និងបញ្ហាផ្សេងៗទៀត ដែលជាសេចក្ដីត្រូវការចំាបាច់ សម្រាប់ប្រជាពលរាស្ដ្រ ៕

ដកស្រង់ពី៖ Fresh News