បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសបង់ក្លាដែស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០១៤នេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅបំពេញទស្សនកិច្ច នៅប្រទេសបង់ក្លាដែស រយៈ ពេល៣ថ្ងៃ ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការ កម្ពុជា-បង់ក្លាដែស។

 

បើយោងតាមការបញ្ជាក់ ពីក្រសួងការបរទេស នាពេលកន្លងទៅ បានឲ្យដឹងថា ដំណើរទស្សនកិច្ច ទៅកាន់ប្រទេស បង់ក្លាដែសរបស់ សម្តេចតេជោ និងគណៈប្រតិភូ ចាប់ពីថ្ងៃទី១៦-១៨ ខែមិថុនា នេះ ធ្វើឡើងតបតាមការអញ្ជើញ ពីលោកជំទាវ ហ្សេក ហាស៊ីណា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដែស។

គណៈប្រតិភូ ដែលអមដំណើរនាយករដ្ឋមន្រ្តី ចេញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសបង់ក្លាដែស នាព្រឹកនេះ រួម មានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហោ ណាំហុង, រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម អ៊ុក រ៉ាប៊ុន, រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ហ្សេក ហាស៊ីណា នឹងជួបពិភាក្សាការ ងារផ្លូវការមួយចំនួន ព្រមទាំងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង មួយចំនួនទៀត។

បើតាមក្រសួងការបរទេស កិច្ចព្រមព្រៀង ដែលធ្វើឡើងនៅក្នុង ទស្សនកិច្ចនេះរួមមាន៖ កិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបង់ក្លាដែស ស្តីពីការបង្កើតគណៈកម្មការ ចម្រុះសម្រាប់ជំរុញ កិច្ចសហប្រតិបត្តិ ការទ្វេភាគី, អនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ វិទ្យាសាស្រ្ត និង បច្ចេកទេសក្នុងវិស័យ កសិកម្មរវាង កម្ពុជា-បង់ក្លាដែស, កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ វប្បធម៌រវាង កម្ពុជា-បង់ក្លាដែស និងកិច្ច ព្រមព្រៀងស្តីពីការជំរុញ និង ការការពារ វិនិយោគរវាង កម្ពុជា-បង់ក្លាដែស៕