បណ្តាញសង្គម

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យឈប់សម្រាក ១ថ្ងៃ (១១ កក្កដា ២០១៤) ដើម្បីដង្ហែ ព្រះអដ្ឋិសម្ដេចឪ

ភ្នំពេញ៖ មន្ត្រីរាជការ បុគ្គលិក នយោជិត និងកម្មករ ទូទាំងប្រទេសកម្ពុជា នឹងត្រូវអនុញ្ញាតឲ្យ ឈប់សម្រាក រយៈពេល ១ថ្ងៃ នៅថ្ងៃទី១១ ខែកក្កដា ដើម្បីចូលរូមសម្ដែង ការគោរពព្រះវិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះបរមអដ្ឋិ របស់ សម្ដេចព្រះបរមរតនកោដ្ឋ។ នេះបើតាម សារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយ សម្តេច អគ្គមហាសេនាបតី នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមសប្ដាហ៍មុន។

ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី១១ ១២ ដល់១៣ ខែកក្កដាខាងមុខ។ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ទូទាំងប្រទេសកម្ពុជា នឹងមានឱកាសគ្រប់គ្រាន់ សម្រាប់ចូលរួមសម្ដែង ការគោរព ចំពោះព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិរបស់ សម្ដេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលរៀបចំ ឡើងនាខែកក្កដាខាងមុខ។

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារាចរណែនាំ របស់ខ្លួន ដែលចុះហត្ថលេខា កាលពីសប្ដាហ៍មុន បានប្រកាសអនុញ្ញាត ឲ្យបុគ្គលិករដ្ឋ និងឯកជនទូទាំងប្រទេស បានឈប់សម្រាក រយៈពេល១ថ្ងៃ នៅថ្ងៃទី១១ ខែកក្កដា ដែលជាថ្ងៃទី១ នៃការដង្ហែព្រះបរមអដ្ឋិ។ ព្រះបរមអដ្ឋិរបស់ សម្ដេច ព្រះបរមរតនកោដ្ឋ នឹងត្រូវរៀបចំព្រះរាជពិធីដង្ហែ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤នេះ។

យោងតាមលិខិតចេញផ្សាយ ដោយគណៈកម្មាធិការ រៀបចំបុណ្យជាតិ និងអន្តរជាតិ ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ នឹងរៀបចំឡើង តាមបណ្ដោយវិថី សំខាន់ៗមួយចំនួន ដូចជា មហាវិថីសម្ដេច ព្រះធម្មលិខិតអ៊ុក មហាវិថីព្រះនរោត្តម វិថីព្រះសីហនុ និងវិថីសម្ដេច ព្រះសុធារស ។ បញ្ជាក់ពីលើការណែនាំ របស់គណៈកម្មាធិការ បុណ្យជាតិនោះ សម្តេច នាយរដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំបន្ថែមទៀតផងដែរ។

បើតាម សម្តេច នាយករដ្ឋមន្ត្រី គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ជាតិ និងឯកជន កន្លែងកំសាន្តនានា មិនត្រូវចាក់ផ្សាយទស្សនីភាព ការសម្ដែង និងការប្រគុំតន្ត្រី ដែលមានលក្ខណៈសប្បាយ រីករាយគគ្រឹកគគ្រេង នៅក្នុងថ្ងែដង្ហែព្រះបរមអដ្ឋិ ពោលគឺថ្ងៃទី១១ ខែកក្កដានោះឡើយ។ ដោយឡែក គ្រឹះស្ថាន អគ្គារសាធារណៈ និងកន្លែងលក់ដូរនានា ដែលស្ថិតតាមបណ្ដោយ វិថីដែលព្រះបរមអដ្ឋិ ត្រូវដង្ហែនោះ ត្រូវបញ្ឈប់សកម្មភាព រយៈពេលមួយថ្ងៃ ដើម្បីសម្រួលដល់ការធ្វើចរាចរ និងការដង្ហែ ព្រះបរមអដ្ឋិ។

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំផងដែរ ឲ្យអាជ្ញាធររាជធានី ខេត្ត គ្រប់ទីប្រជុំជន និងគ្រប់វត្តអារាមទាំងអស់ ត្រូវចាត់តាំង ដោតទង់ជាតិ ទង់សាសនា ទង់ជ្វាលា និងប្រារព្ធពិធីតាមប្រពៃណី ដើម្បីថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខ័ន្ធ សម្ដេច ព្រះបរមរតនកោដ្ឋ។ លោកបានសង្កត់ធ្ងន់ថា៖ «ត្រូវវាយគង ទូងស្គរ ទៅតាមកម្មវិធីកំណត់ ឲ្យបានស័ក្កិសម នឹងព្រះរាជ គុណូបការ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះជាតិ សាសនា និងប្ររាជស្ត្រកម្ពុជា»៕