បណ្តាញសង្គម

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសមាជិកនៃរដ្ឋសភា អញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ការប្រកាសបើកជាផ្លូវជាផ្លូវការ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិកសភា មកពីប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន២១។

ក្នុងពិធីបើកកិច្ចប្រជុំនៅថ្ងៃនេះ ក្រៅពីការថ្លែងសុន្ទរកថាបើក ដោយសម្តេចពញាចក្រី ហេង សំរិន ក៏មានការថ្លែងសុន្ទរកថាគន្លឹះដោយសម្តេចវិបុលសេនាភាក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

មុនឈានដល់ការប្រកាសបើកជាផ្លូវការនៅថ្ងៃនេះ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ សម្តេច ហេង សំរិន ដែលជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បី សម្រេចការងារសំខាន់ៗ មួយចំនួនរបស់វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ពិសេសរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ដែលប្រារព្ធពិធីបើក ជាផ្លូវការនៅថ្ងៃទី១៥ ខែមករានេះ។

គណៈប្រតិភូ APPF ដែលជាសមាជិកគណៈកម្មាធិការ ប្រតិបត្តិចូលរួមកិច្ចប្រជុំមាន ប្រទេសកម្ពុជា កាណាដា អូស្រ្តាលី ជប៉ុន ឈីលី ឡាវ ម៉ុងហ្គោលី រុស្ស៊ី ឥណ្ឌូណេស៊ី។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។

APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស។

សម្តេច ហេង សំរិន ក្នុងសារស្វាគមន៍លើគេហទំព័រ កិច្ចប្រជុំនៃវេទិកាសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា កិច្ចប្រជុំវេទិកាសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាតំបន់មួយ ប្រកបដោយថាមពល ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់សមាជិក សភាតំបន់មកជួបជុំគ្នាដើម្បីកំណត់ និងពិភាក្សា លើបញ្ហាមួយចំនួន នឹងនាំយក បញ្ហាទាំងនោះ ទៅពិភាក្សាក្នុងក្នុងបរិបទសកល។

កនយោបាយសង្គម និង វប្បធម៌ ដែលកើតចេញពីសមាហរណកម្ម និងកំណើនសេដ្ឋកិច្ច។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រធានបទ នៃវេទិកាស្តីពី «ការពង្រឹងភាពជាដៃគូរ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» នឹងឆ្លុះ បញ្ចាំងអំពីនិន្នាការនៃការ អភិវឌ្ឍទំនាក់ទំនងអន្តរជាតិ ការទូតសភា និងការចង្អុលបង្ហាញការដឹកនាំពិភាក្សារបស់យើង ដើម្បីឆ្ពោះទៅរកការចេញ សេចក្តីថ្លែងការរួមមួយ ដែលគូសបញ្ជាក់អំពី ការប្តេជ្ញាចិត្តរបស់សមាជិក នៃវេទិកាតំបន់ទាំងអស់ ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធ៌ម និងនៅក្នុងតំបន់ ដើម្បីសម្រេចឲ្យបាននូវសន្តិភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាព៕

ដកស្រង់ពី៖ Fresh News