បណ្តាញសង្គម

ក្រសួងទេសចរណ៍ ព្រមានដកហូតអាជ្ញាបណ្ណទេសចរណ៍ពីម្ចាស់អាជីវកម្មម្ហូបអាហារមកវិញ បើពួកគេពុំអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ និងណែនាំរបស់ក្រសួង-មន្ទីរសុខាភិបាល ឬអាជ្ញាធរ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្ដីពី ការពង្រឹងសុវត្ថិភាព ចំណីអាហារតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ និងអាហារដ្ឋានទេសចរណ៍ ដោយក្នុងនោះក្រសួង ក៏បានបញ្ជាក់ដែរថា នឹងសម្រេចដកហូត មកវិញនូវអាជ្ញាបណ្ណ ទេសចរណ៍ ប្រសិនបើពិនិត្យ ឃើញថាមូលដ្ឋាន អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវ តាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមសារាចរណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នាពេលកន្លងមក ក្រសួងទេសចរណ៍ បានសង្កេតឃើញ មានការអនុវត្តតាមខ្លឹមសារ នៃបញ្ញត្តិច្បាប់ស្ដី ពីទេសចរណ៍បានត្រឹមត្រូវ ចំពោះអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ភាគច្រើននៅទូទាំងប្រទេស ប៉ុន្តែក៏នៅមាន អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មួយចំនួន មិនទាន់បានអនុវត្ តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ដូចជាការអនុវត្តឱ្យ បាននូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ដើម្បីចូលរួមដល់ការ ពង្រឹងសុវត្ថិភាពចំណីអាហារ នៅតាមមូលដ្ឋានអាជីវ កម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ រាជធានី-ខេត្ត នឹងមិនផ្ដល់អាជ្ញាបណ្ណ ទេសចរណ៍ដល់គ្រប់អាជីវ កម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលមិនមានវិញ្ញា បនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមសារាចរណែនាំ បានបញ្ជាក់ថា «ក្រសួងទេសចរណ៍ នឹងសម្រេចដកហូត មកវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថា មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវ តាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ»។

ដកស្រង់ពី៖ Fresh News