បណ្តាញសង្គម

ស្ថានីយ៍ប្រេងមួយចំនួន នៅខេត្តកំពង់ឆ្នាំង ត្រូវមន្រ្តីកាំកុងត្រូលរកឃើញលក់ប្រេងមិនគ្រប់លីត្រ និងមិនតាមស្តង់សារ

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីជំនាញ សហការជាមួយ អគ្គនាយកដ្ឋានពិសោធន៍ អមដោយរថយន្តចល័ត ចុះទៅត្រួតពិនិត្យ ស្ថានីយ៍ប្រេងឥន្ទនៈ នៅក្នុងខេត្តកំពង់ឆ្នាំង ជាលទ្ធផលរកឃើញ ស្ថានីយ៍ប្រេងមួយចំនួន លក់ប្រេងមិនគ្រប់ចំណុះ និងមិនមានគុណភាព តាមស្តង់ដារ ហើយត្រូវបានមន្រ្តីជំនាញធ្វើការណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ ធ្វើសកម្មភាពកេងប្រវ័ញ្ចនេះបន្តទៀត។

លោក យីវ សារិន បានថ្លែងថា នៅថ្ងៃនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានសហការជាមួយមន្រ្តីមន្ទីរ ពិសោធន៍ចល័តផ្នែកប្រេងឥន្ទនៈ រួមជាមួយមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ ស្ថានីយ៍ប្រេងឥន្ទនៈ មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងការពារ ផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយាន្តជំនិះ គ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះ ប្រេងឥន្ធនៈ មិនសមស្របពិសេស ដើម្បីទប់ស្កាត់ការកែ្លងបន្លំ និងការកេងប្រវ័ញ្ច។

លោក យីវ សារិន បានបន្តថា បន្ទាប់ពីមន្ត្រីជំនាញរកឃើញភាពមិនប្រក្រតី ក៏បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយទាំងអស់ ត្រូវធ្វើការកែសម្រួលឡើងវិញ នូវផ្នែកបរិមាណបាញ់ ចេញពីទុយោ និងគុណភាពដោយទុករយៈពេល១ខែ ខាងមន្រ្តីជំនាញនឹងចុះមកពិនិត្យម្តងទៀត តែបើឃើញនៅតែមិន ប្រក្រតីដដែលម្ចាស់សា្ថនីយ៍នោះ នឹងត្រូវធ្វើការផាកពិន័យ ឬត្រូវអនុវវត្តន៍ទៅតាមនីតិវិធីច្បាប់ ដើម្បីធ្វើយ៉ាងណា ឲ្យមានតម្លាភាព យុត្តិធម៌ រវាងអ្នកលក់ អ្នកចែកចាយ និងអ្នកប្រើប្រាស់ឲ្យកាន់ តែមានទំនុកចិត្ត និងមានការគាំទ្រកាន់តែច្រើនឡើង ពីមហាជនផងដែរ។

លោកប្រធានសាខាកាំកុងត្រូល បានបន្តថា បន្ទាប់ពីបានរកឃើញ លទ្ធផលទាំងនេះហើយ មន្រ្តីជំនាញអគ្គនាយក ដ្ឋានកាំកុងត្រូល បានធ្វើការណែនាំដល់ពួកគេ និងចាប់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពនូវការកេង បន្លំបែបនេះបន្តទៀត។

លោកក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ ប្រេងឥន្ទនៈទាំងអស់ត្រូវ បញ្ឈប់ការកេងបន្លំទាំងបរិមាណ និងគុណភាពក្នុងការលក់ជូនអតថិជនជា បន្តទៀតបើមិនដូច្នេះមន្ត្រីជំនាញ នឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ យ៉ាងមឺងម៉ាត់បំផុត៕

ដកស្រង់ពី៖ Fresh News