បណ្តាញសង្គម

នាយករដ្ឋមន្រ្តីកម្ពុជា៖ កិច្ចប្រជុំ APPF មានសារៈសំខាន់ដើម្បីរក្សាស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍ​ប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(សៀមរាប)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ពិតជាមានសារៈសំខាន់ សម្រាប់ប្រទេស នៅក្នុងតំបន់ រួមទាំងកម្ពុជាផង ដើម្បីពង្រឹងភាពជាដៃគូ សភាអាស៊ី-ប៉ាស៊ីហ្វិក ឈានទៅសម្រេច បាននូវសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលនេះតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងពិភពលោកផង កំពុងប្រឈមនឹងបញ្ហាសកល ដូចជា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមសព្វាវុធ អំពើភេរវកម្មឆ្លងដែន ការជួញដូរឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្ដរាយធម្មជាតិ អសន្ដិសុខស្បៀង និងភាពក្រីក្រ ដែលកំពុងគំរាមដល់សន្ដិសុខសកល និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ពិភពលោក។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាពេលនេះ ពិតជាមានសារសំខាន់សម្រាប់ ប្រទេសនៅក្នុងតំបន់ រួមទាំងកម្ពុជាផង ដើម្បីពង្រឹងភាពជាដៃគូ សភាអាស៊ី-ប៉ាស៊ីហ្វិក ឈានទៅសម្រេចបាននូវសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

បើតាមប្រសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី កិច្ចប្រជុំនេះ ប្រពឹ្រត្តទៅស្របពេល ដែលកម្ពុជាទើបតែបាន ធ្វើពិធីរំលឹកខួបប្រវត្តិសាស្ដ្រធំៗ២ គឺខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា និងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ ដែលកម្ពុជាបានដោះស្រាយ បញ្ហាជាតិដោយខ្លូនឯងផ្ទាល់។

បន្ថែមពីនេះ កម្ពុជាបានបញ្ចប់ដោយ ជោគជ័យនូវសង្គ្រាមរ៉ាំរ៉ៃ និងបាននាំមកនូវសុខ សន្ដិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ និងគ្មានការបង្គាប់បញ្ជា ឬជួយជ្រោមជ្រែងពីបរទេស ហើយនេះគឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រដំបូង បង្អស់នៅកម្ពុជា ដែលពុំធ្លាប់កើតមានអស់ រយៈពេលជាង៥០០ឆ្នាំកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចដែរថា បច្ចុប្បន្នកម្ពុជាបានសាងសង់ វិមានឈ្នះឈ្នះ ដែលមានអត្ថន័យជា ប្រវត្តិសាស្ដ្រ គឺការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាងឲ្យកម្ពុជា មានសុខសន្ដិភាព និងឈ្នះជានិច្ចនិរន្ដរ៍ ហើយកត់ត្រាទុក នូវសមិទ្ធផលសង្គមជាតិច្រើនឥតគណា សម្រាប់កូនចៅជំនាន់ ក្រោយបានសិក្សាស្វែង យល់អំពីប្រវត្តិសាស្ដ្រកម្ពុជា៕

ដកស្រង់ពី៖ Fresh News