បណ្តាញសង្គម

រដ្ឋមន្រ្តី ថោង ខុន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងវិនិយោគិនធំៗ នៅហុងកុង ផ្តោតការយកចិត្តទុកដាក់ដល់ការវិនិយោគ គម្រោងទេសចរណ៍ធំៗ នៅកម្ពុជា

(ហុងកុង)៖ តបតាមការអញ្ជើញរបស់ក្រុម ប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council-HKTDC លោករដ្ឋមន្ត្រី ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ រួមជាមួយក្រុមហ៊ុនឯកជនមួយចំនួន ចូលរួមក្នុង វេទិកាហិរញ្ញវត្ថុអាស៊ី ASIAN Financial Forum -AFF ក្រោមប្រធានបទ «បង្កើតអនាគតប្រកបដោយនិរន្តរភាព និងប្រកបដោយបរិយាប័ន្ន (Creating sustainable and inclusive future)» ដែលរៀបចំឡើងដោយតំបន់រដ្ឋបាលពិសេស ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន Hong Kong SAR of the People’s Republic of China និងក្រុមប្រឹក្សាអភិវឌ្ឍ ពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណ៣,០០០នាក់ មកពីជាង៤០ប្រទេស។

អង្គវេទិកាបានពិភាក្សានេះផ្តោតសំខាន់លើការរក្សាតុល្យភាពសេដ្ឋកិច្ចសកលលោក ក្នុងកាលៈទេសៈដែលមានភាពតានតឹង នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បញ្ហាការចាកចេញពីតំបន់អឺរ៉ុប របស់ចក្រភពអង់គ្លេស (Brexit) និងស្ថានភាពសេដ្ឋកិច្ចនៅអីរ៉ុប។ល។

ដោយឡែកនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោករដ្ឋមន្រ្តី បានចូលរួមជាអធិបតីជាមួយលោក Raymond YIP អនុប្រធាន ប្រត្តិបត្តិ HKTDC និងលោកឧកញ៉ា Yum Sui Sang ប្រធាន HK BAC ក្នុងវេទិកាស្តីពីឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការយ៉ាងជិតស្និទ្ធិជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍ ពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council) និងសមាគមធុរកិច្ចហុងកុង សម្រាប់កម្ពុជា (Hong Kong Business Association of Cambodia)។

ថ្លែងក្នុងឱកាសបើក វេទិកាលោករដ្ឋមន្ត្រីថោង ខុន បានគូសបញ្ជាក់ថា កម្ពុជាមានផែនការទាក់ទាញទេសចរអន្តរជាតិ ឱ្យបានជាង៧លាននាក់ នៅឆ្នាំ២០២០ (ក្នុងនោះទេសចរចិន ប្រមាណ៣លាននាក់)។

លោករដ្ឋមន្រ្តីបាន អំពាវនាវដល់វិនិយោគិនចិន និងហុងកុង ឱ្យមកបណ្តាក់ទុន វិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើត ផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើ គោលការណ៍ស្អាត បៃតង ការច្នៃប្រឌិត និងនិវានុវត្តន៍ (Creative -innovative ) ក្នុងយុគ្គសម័យឌីជីថលណូបនីយកម្ម។

តាមរយៈវេទិកានេះ ដៃគូវិនិយោគក្នុងក្រុងហុងកុង បានបង្ហាញនូវការគាំទ្រ និងជឿជាក់លើការវិនិយោគលើគ្រប់ វិស័យនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយពួកគាត់បាន សំដែងនូវឆន្ទៈពិត ចេញពីបេះដូង លើស្ថានភាពរីកចម្រើនរបស់កម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ និងបានសន្យាជួយសិក្សាលទ្ធភាព រៀបចំគម្រោងវិនិយោគពាក់ព័ន្ធ ពិសេសលើគំរោង អភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងទេសចរណ៍ បៃតង ឆ្លាតវៃ Green & Smart Tourism City)។ល។

គួរកត់សម្គាល់ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានទេសចរ អន្តរជាតិសរុបប្រមាណ ៦,២ លាននាក់។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិសរុបជាង៧លាននាក់៕

ដកស្រង់ពី៖ Fresh News