បណ្តាញសង្គម

រសៀលថ្ងៃនេះ ក្រសួងពាណិជ្ជកម្មរៀបចំសន្និសីទសារព័ត៌មាន ស្តីពីចំណាត់ការរបស់ក្រសួងឆ្លើយតបករណីអឺរ៉ុប ដាក់ពន្ធនាំចូលលើទំនិញអង្ករកម្ពុជា

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅម៉ោង៤រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីចំណាត់ការ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការឆ្លើយតបការដាក់ ពន្ធនាំចូលលើទំនិញអង្ករកម្ពុជា។

នេះបើតាមការបញ្ជាក់របស់លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើងនៅទីស្តី ការក្រសួងពាណិជ្ជកម្ម។

ការសន្និសីទនេះ ធ្វើឡើងភ្លាមៗ បន្ទាប់គណៈកម្មការអឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌ មានមួយបញ្ជាក់ថា សហគមន៍មួយនេះ នឹងចាប់ផ្តើមគិតពន្ធលើការ នាំចូលអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុប ចំនួន២៨ប្រទេស សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១។

ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕

ដកស្រង់ពី៖ Fresh News