បណ្តាញសង្គម

សម្ដេចក្រឡាហោម ស​ ខេង៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក គ្មានការថយចុះដូចការព្រួយបារម្ភរបស់បុគ្គលមួយចំនួននោះទេ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី២ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា ការបង្កើតសមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក មិនមានការថយចុះ ដូចការព្រួយបារម្ភ ពីបុគ្គលមួយចំនួន ដែលជាញឹកញាប់ តែងតែចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពីការដាក់កំហិត លើសិទ្ធិសេរីភាពនោះទេ។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ទៀតថា គិតមកត្រឹមដំណាច់ឆ្នាំ២០១៨នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីមានចំនួនសរុប ៥,៥២៣ ក្នុងនោះ មានសមាគមចំនួន ២,២៩៧ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៣,២២៦។

ដូច្នេះហើយសម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «តាមតួលេខខាងលើបង្ហាញថា ការបង្កើតសមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក មិនមានការថយចុះ ដូចការព្រួយបារម្ភ ពីបុគ្គលមួយចំនួន ដែលជាញឹកញាប់តែងតែចោទ ប្រកាន់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពីការដាក់កំហិត លើសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងយោបល់នោះឡើយ»។

បើតាមសម្ដេចក្រឡាហោម ស ខេង ក្នុងឆ្នាំ២០១៨កន្លងមក សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានសុំចុះបញ្ជី នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានចំនួនសរុប២៨៩ ក្នុងនោះមានសមាគម ចំនួន១៨០ និងអង្គការមិនមែនរដ្ឋាភិបាល មានចំនួន១០៩។

សម្ដេច ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ក្រសួងមហាផ្ទៃ បានរៀបចំវេទិការស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យឡើងវិញ នូវស្ថានភាពកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ទន្ទឹងគ្នានេះ សម្ដេចក៏បានអះអាងថា បច្ចុប្បន្នសមាគម និងអង្គការមិនមែន រដ្ឋាភិបាលទាំងនេះ រួមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ធរមាន ដោយគ្មានការហាមឃាត់ ឬរារាំង ហើយមិនតម្រូវឲ្យជូនដំណឹងជាមុន ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ ទៅអាជ្ញាធរមូលដ្ឋានឡើយ។

ក្រសួងមហាផ្ទៃ បានដាក់វិធានការឲ្យធ្វើការពិនិត្យ តាមដានលើការអនុវត្ត គោលការណ៍ខាងលើនេះ ពីគ្រប់អាជ្ញាធរមូលដ្ឋាន ហើយរហូតមកដល់ ដំណាច់ឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងមហាផ្ទៃមិនមាន ទទួលរបាយការណ៍ ឬព័ត៌មានណាមួយពាក់ព័ន្ធ នឹងការរារាំងសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នៅមូលដ្ឋាននោះឡើយ៕

ដកស្រង់ពី៖ Fresh News