Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រាសាទ​​​កំពង់​​ព្រះ​​​ មានអាយុកាល​​​​​ចំណាស់​​​​​ជាង​គេ​​​​ ក្នុង​​ចំណោម​​​ប្រាសាទនានា លើទឹកដីខេត្ត​កំពង់ឆ្នាំង

  • បោះពុម្ព

(កំពង់ឆ្នាំង)៖ ដើម្បីធ្វើដំណើរទៅកាន់ប្រាសាទកំពង់ព្រះ យើងត្រូវឆ្លងកាត់ ទីរួមខេត្តកំពង់ឆ្នាំង តាមបណ្តោយផ្លូវជាតិលេខ៥ និងចូលតាមផ្លូវលំមាន ចម្ងាយ៤៤គីឡូម៉ែត្រ ដោយចំណាយពេលប្រមាណ ១ម៉ោង៣០នាទី។

គេអាចធ្វើដំណើរតាមផ្លូវទឹកក៏បាន ដោយត្រូវជិះកាណូត ពីកំពង់ផែផ្សារក្រោម ក្នុងរយៈពេលជាង២ម៉ោង។

ប្រាសាទកំពង់ព្រះ គឺជាប្រាសាទមួយមាន ទីតាំងស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ និងមានចម្ងាយសរុប៤៤គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។

ប្រាសាទនេះមាន អាយុកាលចំណាស់ជាង គេក្នុងចំណោមប្រាសាទនានា នៅក្នុងខេត្តកំពង់ឆ្នាំង។

បើយោងតាមសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ ប្រាសាទកំពង់ព្រះ ត្រូវបានកសាងឡើង ក្នុងសតវត្សរ៍ទី៨ ក្នុងរាក្សត្រីយ៍ជ័យទេវី។ ប្រាសាទនេះស្ថិតក្នុងរចនា បទកំពង់ព្រះ មុនសម័យអង្គរទៅទៀត។

ប្រាសាទកំពង់ព្រះ កសាងលើដីទួលមួយ ក្នុងបរិវេណវត្តកំពង់ព្រះ ដែលពីបុរាណកាលមក គេហៅតៗគ្នាមកថា«វត្តទួលព្រះស្រីពិជ័យ សូរវង្សកំពង់ព្រះ»។

នៅទីនោះគេឃើញមាន ប្រាសាទចំនួនពីរឈរទន្ទឹមគ្នា គឺប្រាសាទស្រី និងប្រាសាទប្រុស ដែលទាំងពីរប្រាសាទនេះគេហៅថា «ប្រាសាទកំពង់ព្រះ» ផងដែរ។

នៅខែវស្សាពេលទឹកលិច ព័ទ្ធទីទួលនៃប្រាសាទ ហើយបើយើងក្រឡេកមើលពីចម្ងាយ ចំខាងមុខខ្លោងទ្វារចូលនៃប្រាសាទ យើងនឹងឃើញសភាស្ងាត់ជ្រងំ ដែលបញ្ជាក់ថា ប្រាសាទទាំងពីរនេះ មិនសូវមានអ្នកណាទៅដល់និងទទួលការអភិរក្ស ដោយប្រក្រតីឡើយ។

នៅជុំវិញប្រាសាទក៏ដូចជាទីទួលប្រាសាទសម្បូរ ទៅដោយព្រៃរនាម។ បើយើងចូលតាមខ្លោង ទ្វារវត្តទិសខាងជើង ចម្ងាយប្រមាណ៣០ម៉ែត្រ យើងនឹងឃើញទិដ្ឋភាពអណ្តូង ប្រេងមួយស្ថិតនៅខាង ជើងឆៀងខាងលិច ប្រាសាទទាំងពីរ ដែលបច្ចុប្បន្ន ត្រូវកម្ទេចកម្ទីស្លឹកឈើ ដី បាក់ធ្លាក់ចូល ព្រមទាំងមានសំរាមផ្សេងៗ ដែលប្រជាពលរដ្ឋយកទៅចាក់លុបបង្ការកុំឱ្យ មានគ្រោះថ្នាក់ដល់កូន ចៅរបស់ពួកគាត់ និងម្យ៉ាងទៀតដោយកត្តាធម្មជាតិ ដីបាក់លុបអណ្តូងជិតទើបយើងមិន អាចមើលឃើញជាក់លាក់បានឡើយ។

នៅក្បែរអណ្តូងយើង ឃើញមានទម្រលិង្គមួយ ដែលធ្វើអំពីថ្ម មានគន្លាក់ដំណាប់តាមប្រភេទលិង្គ។

ប្រាសាទនេះបុព្វបុរសខ្មែរយើង ធ្វើឡើងសម្រាប់ឧទិ្ទស ចំពោះលិទ្ធិទេវរាជ តាមបែបព្រហ្មញ្ញសាសនា។

ទម្រនិងលិង្គ ត្រូវបានកសាងឡើងទុកជាដង្វាយ និងទុកជានិមិត្តរូបនៃជ័យជម្នះ ក្នុងការធ្វើសឹកសង្គ្រាមនាសម័យសតវត្យទី៧ និងទី៨។

ចេញពីទីតាំងអណ្តូងប្រេង ប្រមាណ៣០ម៉ែត្រ យើងនឹងទៅដល់មុខប្រាសាទទាំងពីរ ដែលជាទីចាប់អារម្មណ៍បំផុត។

តួប្រាសាទពីរសាងសង់ បែរមុខទៅទិសខាងជើង ឆ្ពោះទៅរកទន្លេសាប ដែលនៅចម្ងាយ ប្រមាណជាង១គីឡូម៉ែត្រប៉ុណ្ណោះ។

ប្រាសាទនេះស្ថិតនៅ បរិវេណគ្រប់គ្រងដោយវត្តកំពង់ព្រះ មានផ្ទៃក្រឡា ១០.០០០ម៉ែត្រការ៉េ ជាកម្មសិទ្ធិសាធារណៈ ដែលបានសាងសង់ឡើងអំពីឥដ្ឋ និងថ្មភក់។

ប្រាសាទស្រីមានទំហំ ៦គុណនឹង៥ម៉ែត្រ មានកម្ពស់១០ម៉ែត្រ មានទ្វារបញ្ឆោតចំនួន៣ សម្រាប់ជ្រុង៣ និងទ្វារអាចចូលទៅក្នុងប្រាសាទបានមាន១ បែរទៅទិសខាងជើង។

នៅលើគ្រប់ខ្លោងទ្វារ លើផ្តែរ សសរពេជ្រ ឬសសរទាំង៤ គេមើលឃើញក្បាច់ ចម្លាក់ដ៏រស់រវើកទាំងក្បាច់ភ្ញីផ្កា និងក្បាច់ផ្សេងៗបញ្ជាក់បានថា ភាពសម្បូររុងរឿងថ្កុំថ្កើង មានឥទ្ធិពលប្រកប ដោយការគោរពបូជា ដល់លទ្ធិព្រហ្មញ្ញសាសនា និងមានជំនឿជឿជាក់ លើស្នាដៃរបស់ខ្លួន ដើម្បីឧទិ្ទសចំពោះបុព្វបុរស នាយុគសម័យនោះ។

គេអាចសន្និដ្ឋានបានថា សម័យនោះ អរិយធម៌ទំនៀមទម្លាប់ប្រពៃណី នៃការគោរពបូជា គឺបែបមាតាធិបតេយ្យ អាស្រ័យហេតុនេះ ទើបយើងឃើញប្រាសាទ ស្រីមានលក្ខណៈធំហើយខ្ពស់ និងមានសោភ័ណភាពជាងប្រាសាទប្រុសដែលនៅក្បែរគ្នានោះ។

ចំណែកប្រាសាទប្រុស ដែលនៅចម្ងាយពីប្រាសាទស្រី ប្រមាណ៣ម៉ែត្រ យើងឃើញមានភាពខុសប្លែកគ្នាជាមួយប្រាសាទស្រី ទាំងទំហំនិងទាំងកម្ពស់ ព្រមជាមួយនឹងក្បាច់រចនាផ្សេងៗ

មិនមានលក្ខណៈជាទីចាប់អារម្មណ៍ឡើយ។ ប្រាសាទនេះមានទំហំ ៤គុណនឹង៤ម៉ែត្រ និងកម្ពស ជាង៥ម៉ែត្រ ច្រកទ្វារចូលត្រូវបែក បាក់ទ្រុឌទ្រោមជាអនេក។

នៅលើកំពូលប្រាសាទប្រុស គេឃើញមានដំបូល រាងដូចជាសាជី ធ្វើពីឈើប្រក់ហ្រ៊ីប្រូ ជាលក្ខណៈគ្របពីលើបណ្តោះអាសន្ន ដើម្បីការពារទឹកភ្លៀង កុំឱ្យច្រោះខូចខាតតួប្រាសាទ។

ប្រាសាទប្រុស មិនមានចំណាស់ ជាងប្រាសាទស្រីឡើយ គឺគេកសាងដំណាល ប្រាសាទស្រីដែរ តែប្រាសាទស្រីនៅរឹងមាំជាង ឯការកសាងប្រាសាទនេះមានឥដ្ឋ និងថ្មភក់ដូចប្រាសាទស្រីដែរ។

តាមការពិនិត្យជាក់ស្តែង ចំពោះប្រាសាទទាំងពីរប្រាសាទ ដែលនឹងងាយរងគ្រោះជាងគេ គឺប្រាសាទប្រុស ខណៈពេលនេះកំពុង ទ្រុឌទ្រោមយ៉ាងខ្លាំង។

ជាអកុសលកាលពីប៉ុន្មាន ឆ្នាំមុនកន្លងទៅនេះ នៅជុំវិញប្រាសាទទាំង២ មានក្រុមហ៊ុនទូរស័ព្ទ មួយបានជីកដីដើម្បីដំឡើងអង់តែនទូរស័ព្ទ ជាប់នឹងជើងប្រាសាទស្រី ធ្វើឱ្យប៉ះពាល់ដល់គ្រឹះ ប្រាសាទទៀតផង។

ពលរដ្ឋ បានស្នើឲ្យសមត្ថកិច្ចជួយពិនិត្យ និងអភិរក្សប្រសាទនេះផងដែរ៕

ដកស្រង់ពី៖ Fresh News