បណ្តាញសង្គម

ភ្នំពេញក្រោន មាន​បញ្ហា​ទីលាន​ហ្វឹកហាត់ ត្រៀម​ប្រកួត​ពាន​រង្វាន់ LEO Pre-Season នៅថៃ

(ភ្នំពេញ)៖ ក្រោយធ្វើដំណើរទៅកាន់តំបន់កូរ៉ាត់ (Korat) ខេត្ត Nakhon Ratchasima ប្រទេសថៃ ក្រុមបាល់ទាត់ភ្នំពេញក្រោន ដែលដឹកនាំដោយគ្រូបង្វឹក Leonardo ផងនោះ មិនត្រូវបានគេអនុញ្ញាត ឲ្យហ្វឹកហាត់ក្នុងទីលាននៃការប្រកួតផ្លូវការនោះទេ ពោលគឺបានត្រឹមធ្វើការ ហ្វឹតហាត់នៅខាងក្រៅ ទីលានតែប៉ុណ្ណោះ។

ថ្នាក់ដឹកនាំ គ្រូបង្វឹក ក៏ដូចជាកីឡាករបានធ្វើដំណើរទៅដល់ប្រទេសថៃហើយ ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់បើក រដូវកាល LEO Pre-Season Cup ឆ្នាំ២០១៩ ដែលភ្នំពេញក្រោន នឹងត្រូវប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Nakhon Ratchasima FC នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ក្នុងកីឡដ្ឋាន 80th Birthday។

គ្រូបង្វឹកជនជាតិប្រេស៊ីល Leonardo បានសរសេរបង្ហោះលើ បណ្តាញសង្គមរបស់ខ្លួនថា «លោកសង្ឃឹមថាខាងក្លឹបម្ចាស់ផ្ទះនឹងជួយសម្រួលលើបញ្ហានេះ ដោយផ្តល់លទ្ធភាពឲ្យក្រុម កីឡាករភ្នំពេញក្រោនចូល ហ្វឹកហាត់លើទីលានប្រកួត ឲ្យស្របទៅតាមការកំណត់របស់ AFC ដែលតម្រូវឲ្យហ្វឹកហាត់ លើទីលានពិតប្រាកដ ព្រោះនេះជាការប្រកួតលក្ខណៈអន្តរជាតិ»។

សូមបញ្ជាក់ថា ភ្នំពេញក្រោនបានចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់រាជធានីបាងកក ប្រទេសថៃ និងបានបន្តដំណើរទៅដល់ខេត្ត Nakhon Ratchasima តាមរយៈរថយន្តក្រុង ដើម្បីត្រៀមប្រកួតនៅថ្ងៃទី១៩ ខាងមុខនេះក្នុងយុទ្ធនាការពានរង្វាន់ LEO Pre-Season Cup 2019 ដោយមាន ១២ក្លឹបមកពី ៤ប្រទេសចូលរួម៕

ដកស្រង់ពី៖  Fresh News