បណ្តាញសង្គម

មហាអំណាចលេខ១ នៅអាស៊ី បន្តប្រកាសគាំទ្រគោលនយោបាយឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មហាអំណាចលេខ១ នៅទ្វីបអាស៊ី គឺមហាយក្សចិន បានប្រកាសពីការគោរពចំពោះ ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងបានបញ្ជាក់ឡើងវិញពីការគាំទ្រចំពោះ គោលនយោបាយឯករាជ្យ និងការអភិវឌ្ឍរបស់កម្ពុជា ស្របទៅនឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។

សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានបង្ហាញជាផ្លូវការ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីចិនបានលើកជាថ្មី ពីការគោរពចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងបានបញ្ជាក់ឡើងវិញ ពីការគាំទ្រចំពោះគោលនយោបាយឯករាជ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របទៅ នឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា»។

ភាគីកម្ពុជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេងជាច្រើន តាមរយៈកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន និងសូមជូនពរ ដោយស្មោះចំពោះភាគីចិន ក្រោមការដឹកនាំរបស់គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលមានអគ្គលេខាធិការ ស៊ី ជីនភីង ជាស្នូលសំខាន់ក្នុងការដឹកនាំ នឹងសម្រេចបានដោយជោគជ័យ នូវគោលដៅសតវត្សទំាងពីរ។

ភាគីកម្ពុជា ជឿជាក់ថា ប្រជាជនចិន នឹងអភិវឌ្ឍប្រទេសចិន ទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត។

ជាមួយគ្នានេះ ភាគីចិន ក៏បានជូនពរដោយស្មោះឲ្យប្រជាជន កម្ពុជាបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងក្នុងការអភិវឌ្ឍជាតិ ក្រោមម្លប់ព្រះបារមី ព្រះមហាស្វេតឆ័ត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យខ្ពស់ នៅលើទឹកដីមហាមិត្តចិនរយៈពេល៣ថ្ងៃកន្លងទៅនេះ៕

ដកស្រង់ពី៖ Fresh News