បណ្តាញសង្គម

កម្ពុជា-ចិន ពេញចិត្តចំពោះស្ថិរភាព និងការវិវត្តដ៏ប្រសើរនៃសភាពការណ៍ នៅសមុទ្រចិនខាងត្បូង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានសម្តែងនូវការពេញចិត្ត ចំពោះស្ថិរភាព និងការវិវត្តដ៏ប្រសើរនៃសភាពការណ៍នៅសមុទ្រចិនខាងត្បូង និងសូមអំពាវនាវឲ្យភាគីពាក់ព័ន្ ធបន្តការអនុវត្តឲ្យពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគី នៅសមុទ្រចិនខាងត្បូង (DOC) ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ វិស័យសមុទ្រជាក់ស្តែង និងលើកកម្ពស់ការពិគ្រោះយោបល់ ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ។

ការបង្ហាញសេចក្តីពេញចិត្ត នៃការវិវត្តន៍សភាការណ៍ នៅសមុទ្រចិនខាងត្បូងនេះ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ទើបចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ដែលជាលទ្ធផលនៃដំណើរទស្សនកិច្ច ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់២៣ ខែមករា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ទៀតថា «ភាគីកម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រសំណើរបស់ភាគីចិន សូមឲ្យបញ្ចប់កិច្ចពិគ្រោះយោបល់សី្តពី COC ក្នុងរយៈពេល៣ឆ្នាំ ហើយនឹងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរក្សាការវិវត្តជាវិជ្ជមាន នៃកិច្ចពិគ្រោះយោបល់ ខិតខំសម្រេចឲ្យបានឆាប់នូវកិច្ចពិគ្រោះយោបល់នេះ ដោយឈរលើមូលដ្ឋានកុងសង់ស៊ីសទៅវិញទៅមក និងកសាងសមុទ្រចិនខាងត្បូង ឲ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។

ជាមួយគ្នានេះ ក្នុងសេចក្តីថ្លែងការណ៍របស់ ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពបន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង អាស៊ាន-ចិន អាស៊ីបូព៌ា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងបណ្តាក្របខ័ណ្ឌពហុភាគី រួមទាំងអង្គការសហប្រជាជាតិ។

លើសពីនេះ ភាគីទាំងពីរនឹងរួមគ្នាប្រកាន់ខ្ជាប់ នូវពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក ជាស្នូល។

ភាគីទាំងពីរនឹងជំរុញការបង្កើតទំនាក់ទំនងអន្តរជាតិ ដែលមានការគោរពគ្នាទៅវិញទៅមក មានយុត្តិធម៌ និងសមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីកសាងសហគមន៍ ដែលមានជោគ វាសនារួមសម្រាប់មនុស្សជាតិ៕