បណ្តាញសង្គម

កម្ពុជាប្រកាសប្រឆាំងចំពោះ ការប្រកាសឯករាជ្យរបស់តៃវ៉ាន់គ្រប់ទម្រង់​ និងអះអាងថា តៃវ៉ាន់ជាផ្នែកសំខាន់មួយ​របស់ចិនតែប៉ុណ្ណោះ

(ភ្នំពេញ)៖ ក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាកម្ពុជា-ចិន ដែលបង្ហាញជាផ្លូវការនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាសប្រឆាំងចំពោះការប្រកាស ឯករាជ្យរបស់តៃវ៉ាន់គ្រប់ទម្រង់ និងអះអាងទៀតថា តៃវ៉ាន់គ្រាន់តែជាផ្នែកសំខាន់មួយ របស់ចិនតែប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍ក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅកាន់មហាយក្សចិនត្រូវបានបញ្ចប់ បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីកម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ព្រមទាំងទទួលស្គាល់រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកសំខាន់មួយ នៃបូរណភាពដែនដីរបស់ចិន»។

ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាបានប្រកាសនៅចំពោះថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសមហាអំណាចមួយនេះទៀតថា «ភាគីកម្ពុជាសូមប្រឆាំង ចំពោះការប្រកាស ឯករាជ្យរបស់តៃវ៉ាន់គ្រប់ទម្រង់ ព្រមទាំងបន្តគាំទ្រការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនងចិន និងតៃវ៉ាន់ និងបុព្វហេតុក្នុងការបង្រួបបង្រួមចិន»។

កាលពីពេលកន្លងទៅសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រកាសជារឿយៗដែរថា កម្ពុជានៅរក្សាជំហរកាន់ខ្ជាប់ នូវគោលនយោបាយចិនតែមួយ ហើយមិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏មិនអនុញ្ញាតឲ្យមានការបង្ហូតទង់ជាតិតៃវ៉ាន់ លើកទឹកដីមួយនេះផងដែរ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យខ្ពស់ នៅលើទឹកដីមហាមិត្តចិនរយៈពេល៣ថ្ងៃកន្លងទៅនេះ៕

ដកស្រង់ពី៖ Fresh news