បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ជាថ្មីថា សមត្ថកិច្ចបានទទួលដីកាតុលាការ ដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី រួចហើយ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ថា សមត្ថកិច្ច បានទទួលដីការតុលាការដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិរួចហើយ។

ការអះអាងជាថ្មីរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី បានលើកឡើងជាបន្តបន្ទាប់តាមរយៈវិទ្យុបរទេសអាស៊ីសេរី (RFA) ដែលគាំទ្រដល់សកម្មភាពក្រុមប្រឆាំងរដ្ឋាភិបាល ដោយចោទប្រកាន់ ញុះញង់ មួលបង្កាច់ទៅលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចក្រឡាហោម អំពីដំណើរការដោះស្រាយបញ្ហានយោបាយកម្ពុជា នាពេលកន្លងមក ព្រមទាំងចោទថា សម្តេចជាអ្នកហាមមិនឱ្យទណ្ឌិតរូបនេះ ឱ្យត្រឡប់មកកម្ពុជាជាដើម។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ម្តងទៀតយ៉ាងដូច្នេះថា៖ «ការលើកឡើងរបស់លោក សម រង្ស៉ី ដែលនិយាយថា ខ្ញុំបានហាមឃាត់គាត់មិនឲ្យវិលត្រឡប់មកប្រទេសវិញ នោះគឺជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិទបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។

ក្នុងនាមជាអ្នកដែលចូលរួម ក្នុងឆាកនយោបាយ ខ្ញុំដូចជាមិនដល់ថ្នាក់ឆោតល្ងង់ប្រាប់ សម រង្ស៉ី មិនឲ្យវិលចូលស្រុកនោះទេ។

ប្រការនេះខុសទាំងស្រុងពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យ សម រង្ស៉ី មានលេសវាយប្រហារមកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ចបានទទួលដីកាដើម្បីចាប់ខ្លួន សម រង្ស៉ី រួចហើយ»។

សម្តេចបានបញ្ជាក់ថា លោក សម រង្ស៉ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទា ទោសរួចហើយ ហើយថាទណ្ឌិតរូបនេះ សម្រេចរត់គេចខ្លួនមិន ចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញឬយ៉ាងណានោះវាស្ថិតនៅលើបុគ្គល សម រង្ស៉ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ។

ការចេញដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី គឺត្រូវបានប្រកាសជាសាធារណៈ ហើយការបញ្ជាក់របស់សម្តេចចំពោះសារព័ត៌មាន និងសាធារណៈមតិជាតិ និងអន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈ ដែលមិនមានអ្វីជាអាថ៌កំបាំងឡើយ។

សម្តេចបានពន្យល់ទៀតថា «ការណ៍ដែល សម រង្ស៉ី និយាយថា ខ្ញុំមានការលំបាកធ្វើការជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះគឺជារឿងភូតកុហកបោកប្រាស់សុទ្ធសាធ ប្រការនេះ សម រង្ស៉ី ចង់ឲ្យសាធារណៈមតិ មានការភាន់ច្រលំមកលើរូបខ្ញុំ និងជាល្បិចកលនយោបាយរបស់ លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ។ ធាតុពិតគឺ សម រង្ស៊ី ទេ ដែលខ្ញុំពិបាកធ្វើការជាមួយ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ខ្ញុំដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា រីឯលោក សម រង្សី តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ ខ្ញុំនិងសម រង្ស៉ី បានជជែកគ្នាតាមទូរស័ព្ទ អំពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ រវាងគណបក្សទាំងពីរ។

ខ្ញុំបានសុំយោបល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំ និង សម រង្ស៉ី បានឯកភាពទាំងស្រុង ហើយសង្ឃឹមថា នៅព្រឹកថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នឹងបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនោះ នៅក្នុងកិច្ចប្រជុំនៅមន្ទីររដ្ឋសភា។

ប៉ុន្តែផ្ទុយពីការរំពឹងទុក ពេលចាប់ផ្តើមភ្លាម កឹម សុខា បានជំទាស់នឹងសេចក្តីព្រាង នោះទាំងស្រុង ដែលនាំឲ្យកិច្ចចរចាត្រូវបរាជ័យ ហើយពួកគេងាកទៅរកប្រមូល កម្លាំងប្រជាជនធ្វើបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត និងធ្វើបដិវត្តន៍ពណ៌ជាបន្តទៀត។

បញ្ហានេះទេ ដែលបញ្ជាក់ថា សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ និងអាចនិយាយបានថាគឺ សម រង្ស៊ី ទេជាអ្នកបោកខ្ញុំ»។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយញុះញង់បំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពីសំណាក់លោក សម រង្ស៉ី និងវិទ្យុអាស៊ីសេរី បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលដែល លោក សម រង្ស៉ី បានយកជីវិតនយោបាយ និងសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ធ្វើជាកម្មវត្ថុភ្នាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា សម្ពាធអន្តរជាតិនឹងធ្វើឱ្យ រដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា នៅមុនខែមីនា ខាងមុខនេះ តែបើមិនដោះលែងទេនោះ លោកសុខចិត្តចូលប្រទេសកម្ពុជាដើម្បីអនុវត្តទោស។

អ្នកវិភាគជាច្រើន បានលើកឡើងថា លោក សម រង្ស៉ី នឹងចាញ់នៅក្នុងការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ហើយទណ្ឌិតរូបនេះ នឹងមិនចូលខ្លួនឱ្យចាប់យកទៅអនុវត្តទោស ដូចអ្វីដែលលោកបានអះអាង និងប្រកាសនោះឡើយ ដោយសារតែតាមបទ ពិសោធកន្លងមកទណ្ឌិតនេះ មិនហ៊ានជាប់ពន្ធនាគារ ដូចលោក កឹម សុខានោះឡើយ។

ម្តងជាពីរដង លោក សម រង្ស៉ី តែងគេចវេសនូវអ្វីដែលលោក សន្យាថាត្រឡប់មកអនុវត្តទោសនៅកម្ពុជា តាមរយៈការចោទប្រកាន់ថា រដ្ឋាភិបាលបានហាមយន្ត ហោះមិនឱ្យដឹករូបលោកមកកម្ពុជា ឬហាមមិនឱ្យលោកចូលកម្ពុជាជាដើម៕

ដកស្រង់ពី៖ Fresh News