Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះករណីឆ្មាខាំ​ ដោយសារគ្មានវ៉ាក់សាំងការពារឡើយ​

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ ក្រសួងសុខាភិបាល បានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពក្មេងស្រី ដែលបានស្លាប់ដោយសារឆ្មាខាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជំងឺនេះ មិនមែនជាជំងឺថ្មី ជាប្រភេទជំងឺដែលមានតាំងពីយូរណាស់មកហើយ តែវាជាជំងឺកម្រកើតមានណាស់។

វាអាចកើតមាន ក្រោយពីមានឆ្មាខាំជាដើម ហើយជំងឺនេះ ស្រដៀងនិងប្រហាក់ប្រហែលទៅនឹងជំងឺឆ្កែឆ្កួតដែលកើតឡើងដោយឆ្កែខាំ តែឆ្មាខ្វាចនេះ វាបង្កឲ្យមានអាការ:រោគភ្លាមៗ កើតតាមរយៈមេរោគបាក់តេរី ឈ្មោះ បាតូណេឡា (Bartonella) ដែលបង្កឲ្យកើតមានដុំសរសៃឡាំហ្វាទិច (Lymphogranulome) ដែលអាចធ្វើឲ្យមានសភាពឆ្ងន់ធ្ងរ និងស្លាប់បាន។

បេីតាមមន្ត្រីជំនាញរូបនេះ គឺបន្ទាប់ពីឆ្មារខាំ ពី២ទៅ៣ សប្តាហ៌ក្រោយមក មានការហើមកូនកណ្តុរ ហើយករណីខ្លះ មានក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ស្រកទម្ងន់ ដំបៅស្បែកធ្លាយចេញមក រលាកសរសៃរដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គសំខាន់ៗ ពិសេសថ្លើម ជួនកាលមានរលាកភ្នែក ហើយករណីធ្ងន់ធ្ងរនឹងស្លាប់ដោយសាររលាកខួរក្បាល ឫរលាកបេះដូងជាដើម។

ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាមានការប្រុងប្រយ័ត្ន ចំពោះសត្វឆ្កែ និងឆ្មា ជាពិសេសអ្នកដែលមានចិញ្ចឹមឆ្កែ ឫឆ្មា កុំឲ្យមានករណីដូចខាងលើនេះ ដោយកុំឲ្យកូនចៅ ប៉ះពាល់ជាមួយសត្វផ្ដេសផ្ដាស ។

លោកស្រីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងបន្ដទៀតថា «ខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្ដទុកដាក់ការអនុវត្ដអនាម័យស្អាត ល្អ ក្នុងកន្លែងរស់នៅ លាថសម្អាតដៃនឹងសាប៊ូ ក្រោយពេលប៉ះពាល់សត្វទាំងនេះ ចៀសវាងការប៉ះពាល់ ឫលេងជាមួយសត្វឆ្កែ រឺឆ្មា ដែលវាអាចខាំ ឫខ្វាច ឫលិតកន្លែងដំបៅដែលមាន ហើយបើមានបញ្ហាសត្វទាំងនេះខាំវិញ សូមប្រញាប់ទៅពិគ្រោះស្ថានភាពជំងឺ ឫស្ថានភាពសត្វខាំជាមួយគ្រូពេទ្យឲ្យបានលឿន កុំទុកយូរ ដែលវានឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិត»។

ជាពិសេស «មិនមានវ៉ាក់សាំងការពារជំងឺ ដុំសរសៃរឡាំហ្វាទិចនោះឡើយ» តែក្រសួងសូមណែនាំ ដើម្បីការពារជំងឺឆ្កែឆ្កួត និងជំងឺតេតាណុស ដែលអាចកើតមានចំពោះកុមារា-កុមារី ក្រៅពីអាចមានជំងឺដូចបានជម្រាបជូនខាងលើ។

សូមមានការប្រុងប្រយ័ត្ន នូវជំងឺឆ្កែឆ្កួត និងជំងឺតេតាណុស ក្រោយពីឆ្កែខាំ ឫឆ្មាខ្វាចភ្លាមៗ សូមទៅចាក់វ៉ាក់សាំងឆ្កែឆ្កួត និងវ៉ាក់សាំងតេតាណុស ឲ្យបានគ្រប់ចំនួនដូស។

ជាងនេះទៅទៀត លោកស្រីវេជ្ជបណ្ឌិត បន្ដថា «ជំងឺនេះមិនមែនជាជំងឺឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ គឺជាជំងឺដែលកើតមានដោយកម្រ ហើយបើមានករណីឆ្មាខ្វាចសូមសម្អាតកន្លែងឆ្មាខ្វាចហ្នឹង ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ដ្រ ឲ្យបានត្រឹមត្រូវ ជៀសវាងទុកដំបៅស្នាម ឆ្មាខ្វាចទុកចោលយូរ កាលណាទុកចោលយូរ វានឹងចម្លងរោគហ្នឹងកាន់តែខ្លាំងឡើង។

ពេលត្រូវសត្វខាំឫខ្វាច យើងត្រូវទៅជួបជាមួយលោកគ្រូពេទ្យភ្លាម ហើយជៀសវាងប៉ះពាល់សត្វឆ្មា ស្លាប់ឬរស់ ដោយមិនបានលាងដៃនឹងសាប៊ូ ឲ្យបានស្អាត ជៀសវាងការចម្លងមេរោគពីសត្វមកមនុស្ស ហើយស្វែងរកការព្យាបាលត្រឹមត្រូវ ។

ម្យ៉ាងទៀតកាលណាទុកយូរ ធ្វើឲ្យមានអាការ:ធ្ងន់ធ្ងរនិងស្លាប់បាន ហេតុដូចនេះហើយ ការអនុវត្ដន៍វិធានការ ការពារវាជាការល្អប្រសើរបំផុត។ សូមជម្រាបថា ក្មេងស្រីដែលត្រូវសត្វឆ្មាខាំអស់រយៈពេលជាងបីខែមកនេះ ហើយក្មេងស្រីបានស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ស្ថិតក្នុងភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខណៈកំពុងបញ្ជូនមកស្រុកកំណើតវិញ។

បើតាមម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ជំងឺធ្វើទុក្ខខ្លាំង និងបាននាំមកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ។

ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងកូនរបស់គាត់ បានបាត់បង់ជីវិតចោលឪពុក-ម្តាយ ធ្វើឲ្យរូបគាត់មិនអស់ចិត្តសោះមិនគួរណា ស្លាប់ទាំងវ័យក្មេងបែបនេះ ។ កូនស្រីរបស់គាត់ត្រូវបានឆ្មាខាំ តាំងពីដើមខែធ្នូ ឆ្នាំ២០១៨មកម្លេះ ប៉ុន្តែពួកគេមិនបានយកមកចាក់ថ្នាំការពារ នៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ។

ដោយអាការៈកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាម ក៏បានប្រាប់ថាគ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ តែជាការសោកស្តាយមិនអាចជួយសង្រ្គោះជាតិជីវិតបានទេ៕

ដកស្រង់ពី៖ Fresh News