បណ្តាញសង្គម

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើរាជរដ្ឋាភិបាលពិចារណា បង្កើតតំបន់រដ្ឋបាលពិសេស តាមខេត្តជាប់ព្រំដែន ដើម្បីទាក់ទាញអ្នកវិនិយោគ និងកាត់បន្ថយថ្លៃដើមការផលិត

(ភ្នំពេញ)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ចេញនូវទស្សនៈរបស់ខ្លួន ដោយស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងការបង្កើតតំបន់រដ្ឋបាលពិសេស ឬក៏តំបន់ស្វយ័តសេដ្ឋកិច្ចពិសេស នៅខេត្តមួយចំនួន នៅតាមព្រំដែន ដើម្បីទាក់ទាញអ្នកវិនិយោគ និងកាត់បន្ថយថ្លៃដើមនៃការផលិត។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកុម្ភៈនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានបញ្ជាក់ថា «ដើម្បីទាក់ទាញអ្នកវិនិយោគ និងកាត់បន្ថយថ្លៃដើមនៃការផលិត ខ្ញុំបាទសូមចូលរួមជាធាតុចូលមួយចំនួន គឺរដ្ឋគួរតែបង្កើតតំបន់រដ្ឋបាលពិសេស ឬ ក៏តំបន់ស្វយ័តសេដ្ឋកិច្ចពិសេសចំនួនបីតំបន់ជាបឋម៖

ដោយទី១៖ ខេត្តព្រះសីហនុ កំពត និងកោះកុង,

ទី២៖ តាមព្រំដែនវៀតណាមមានខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និង

ទី៣៖ តាមព្រំដែនថៃ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ចំពោះខេត្តដទៃទៀតគួរតែបង្កើនការអនុម័តទំហំទឹកប្រាក់ នៃការវិនិយោគឲ្យធំជាង២លានដុល្លារ ដែលមានអនុគណៈកម្មការវិនិយោគខេត្តស្រាប់ ហៅថា (CDC ខេត្ត)»។

លោកឧកញ៉ាបញ្ជាក់ថា មានផលប្រយោជន៍ដែលអាចទទួលបានពីការបង្កើតតំបន់រដ្ឋបាលពិសេស ឬក៏តំបន់ស្វយ័តសេដ្ឋកិច្ចពិសេសដូចជា៖

* អ្នកវិនិយោគទាំងចាស់ទាំងថ្មីទាំងក្នុងស្រុក និងមកពីបរទេស ងាយស្រួលទទួលបាននូវរាល់សេវាបែបបទរដ្ឋាភិបាល នៅក្បែររោងចក្រសហគ្រាស ដែលត្រូវស្នើសុំបង្កើតថ្មី និងនាំចេញនាំចូលនូវរាល់ផលិតផល ដែលផលិតបាន។

* កាត់បន្ថយថ្លៃដើមតាមរយៈការដឹកជញ្ជូន ដែលមានតម្លៃថ្លៃទ្វេដងកន្លងមក ដែលរោងចក្រសហគ្រាសមួយចំនួន នាំចូលទំនិញ ឬវត្ថុធាតុដើមពីកំពុងផែក្រុងព្រះសីហនុ និងតាមបណ្តាមាត់ច្រកព្រំដែនផ្សេងៗ មកកាន់រោងចក្រនៅក្នុង និងជុំវិញរាជធានីភ្នំពេញផលិតរួចដឹកនាំចេញទៅវិញ។

* កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិផ្សេងៗទៀត និងការកកស្ទះចរាចរណ៍ នៅក្នុងនិងជុំវិញរាជធានីភ្នំពេញ។ * បង្ខិតរោងចក្រសហគ្រាសដល់មូលដ្ឋាន ជួយកាត់បន្ថយនូវពលករចំណាកស្រុក។

* ការបន្ថយការបំពុលបរិស្ថាន នៅជុំវិញទីក្រុងនាពេលបច្ចុប្បន្ន និងនាពេលអនាគត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាសេនាធិការ បាននិងកំពុងប្រឹងប្រែងរៀបចំសេចក្តីព្រាងច្បាប់ថ្មី ស្តីពីវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់វិនិយោគថ្មី នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះ។

លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ការរៀបចំច្បាប់ថ្មី ស្តីពីវិនិយោគ ដើម្បីឱ្យស្របទៅនឹងបរិការណ៍តំបន់ ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា បើទោះជាច្បាប់ ស្តីពីវិនិយោគបច្ចុប្បន្ន មានលក្ខណៈបើកទូលាយជាងច្បាប់របស់បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់ក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ ស្វាគមន៍គ្រប់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក សូមអញ្ជើញចូលមករកស៊ីវិនិយោគនៅកម្ពុជាក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើងនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនក្រៅប្រទេសទាំងអស់ គឺមានសិទ្ធិវិនិយោគភាគហ៊ុនផ្ទាល់ខ្លួន (១០០%) ពេញ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុកចូលរួមនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាក៏មិនបានកំណត់ប្រាក់ចំណេញពីការ វិនិយោគយកចេញទៅក្រៅប្រទេសនោះទេ ផ្ទុយមកវិញ កម្ពុជាគាំទ្រលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ សូមបន្តវិនិយោគបន្ថែមទៀត គឺកាន់តែល្អប្រសើរ។

នេះជាចំណុចពិសេស នៃគោលនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះទៀត គោលនយោបាយសេដ្ឋកិច្ចកម្ពុជានាពេលនេះ គឺជាគោលនយោបាយ ហ៊ុន សែន ណូមិច ប្រៀបានដូចជា «គោលនយោបាយផ្កាយព្រឹក» ដែលមិនមានពេលអស្តង្គគតនោះឡើយ៕

ដកស្រង់ពី៖ Fresh News