បណ្តាញសង្គម

ប៉ូលិស ព្រមានចាត់វិធានការ ចំពោះក្រុមហ៊ុនទូរស័ព្ទ ចែកស៊ីមកាត មិនយកអត្តសញ្ញាណប័ណ្ណ

ភ្នំពេញ៖ អាជ្ញាធរ មានសមត្ថកិច្ច បានព្រមាន និងដាស់តឿន អោយអ្នកតំណាង ក្រុមហ៊ុន ទូរស័ព្ទទាំងអស់ នៅកម្ពុជា ត្រូវបញ្ចប់ អំពើអនាធិបតេយ្យ ចំពោះការចែកចាយ និងលក់ស៊ីមកាតទូរស័ព្ទ ដោយមិនយក អត្តសញ្ញាណប័ណ្ណ ពីអ្នកទិញ និងត្រូវផ្សព្វផ្សាយ បណ្តាញចែកចាយ តាមសាខា ទូទាំងប្រទេស ត្រូវអនុវត្តន៍ គោលការណ៍ច្បាប់ ដែលបានចែង បើពុំដូច្នោះទេ នឹងត្រូវប្រឈមនឹង ការអនុវត្តច្បាប់ ប្រសិនណាបើរកឃើញថា នៅតែបន្តកំហុសដដែលៗ។

ការព្រមាននេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំជាមួយ តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត និងអចល័ត និងតំណាងប្រតិបត្តិករ ចែកចាយស៊ីមកាតទាំងអស់ នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤។ លោកឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ បានថ្លែងនៅកាលទី២៦ ខែមិថុនាថា ក្រុមហ៊ុនធ្វើអាជីវកម្មទូរស័ព្ទ ត្រូវតែគោរពច្បាប់ បើពុំដូច្នោះទេ នឹងត្រូវរងការព្រមាន និងអាចឈានដល់ការបិទ ការធ្វើអាជីវកម្មក្រុមហ៊ុន បើសិនជានៅតែបន្ត មិនអនុវត្តន៍ច្បាប់ ដែលបានកំណត់នោះទេ។

យោងតាមច្បាប់ ប្រជាពលរដ្ឋដែលទទួល ការចែកចាយស៊ីមកាត ពីក្រុមហ៊ុន ត្រូវតែ មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដែលមានសុពលភាព ប៉ុន្តែជារឿយៗ គេសង្កេត ឃើញថា ជនខិលខូច នៅតែឆ្លៀតប្រើឱកាស ទទួលស៊ីមកាត ដោយមិនចាំបាច់ ប្រើអត្តសញ្ញាណខ្លួនឯង នោះឡើយ។ លោកឧត្តមសេនីយឯក ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា កន្លងមក ការមិនគោរព តាមគោលការណ៍ណែនាំ ត្រូវគេឃើញពួកឧក្រិដ្ឋជន និងជនទុច្ចរិត បានប្រើប្រាស់សេវាទូរស័ព្ទ ខុសច្បាប់ តាមប្រព័ន្ធចែកចាយ អនាធិបតយ្យ បង្កអំពើទុច្ចរិត ការឆក់ប្លន់ អំពើចាប់ជំរិត ការជួញដូរគ្រឿងញៀន។ល។ ដែលធ្វើអោយសមត្ថកិច្ច មានការលំបាក ក្នុង ការតាមវែករកមុខ ជនទទួលខុសត្រូវ។

តំណាងក្រុមហ៊ុន ធ្វើអាជីវកម្មសេវាទូរស័ព្ទ និងលក់ចែកចាយស៊ីមកាត គ្រប់ប្រព័ន្ធ ដែលប្រជាជនខ្មែរ ច្រើនលាននាក់ ទូទាំងប្រទេស កំពុងប្រើប្រាស់ នាបច្ចុប្បន្ន បាន ទទួលការណែនាំ អោយគោរពច្បាប់ ការចែកចាយ បើពុំដូច្នោះទេ ពួកគេនឹងត្រូវរងនឹងការព្រមាន និងឈានដល់ការបិទក្រុមហ៊ុន លែងអោយដំណើរការថែមទៀត។

នៅក្នុងប្រទេសកម្ពុជា ដែលមានប្រជាជន ប្រមាណ ១៥ លាននាក់ លេខទូរស័ព្ទគ្រប់ប្រព័ន្ធ និងដែលបានចែកចាយ ទូទាំងប្រទេស ត្រូវគេនិយាយថា មានចំនួនប្រមាណ ២០ លានលេខ ដែលចំនួននេះ បើសិនជាមនុស្សម្នាក់ ប្រើមួយលេខ សម្រាប់ទូរស័ព្ទម្នាក់ រៀងៗខ្លួន គឺលើសពីចំនួនប្រជាជនខ្មែរ ១៥ លាននាក់ ក្នុងប្រទេសនោះទៅ ហើយ។ ក្នុងប្រទេសកម្ពុជា អ្នកខ្លះ ត្រូវគេនិយាយថា មានទូរស័ព្ទដៃ ប្រើដល់ទៅ ២ ឬ បីក៏មានផងដែរ។ ការប្រើប្រាស់លេខទូរស័ព្ទ ដែលបានចែកចាយនេះ ត្រូវគេនិយាយ ថា មានភាពអនាធិបតេយ្យ ដោយមិនបានប្រព្រឹត្ត ទៅតាមគោល ការណ៍ នៃសារាចរណែនាំ ការគ្រប់គ្រង ធ្វើអាជីវកម្មលើ សេវាប្រើប្រាស់ ដែលបានកំណត់នោះទេ៕

 


ប្រភព៖CEN