បណ្តាញសង្គម

កម្ពុជារៀបចំ «ទិវាស្ដាប់ឮកម្ពុជា» ចូលរួមលើកកម្ពស់ ផ្សព្វផ្សាយការយល់ដឹង និងផលវិបាកនៃការបាត់បង់ការស្ដាប់ឮដល់ប្រជាជន

(ភ្នំពេញ)៖ នេះជាលើកទី៤ហើយ ដែលកម្ពុជាតែងតែរៀបចំទិវាស្ដាប់ឮកម្ពុជា ទិវានេះធ្វើឡើងដើម្បីចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹង និងផលវិបាកនៃការបាត់បង់ការស្ដាប់ឮបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា។

ទិវាស្ដាប់ឮកម្ពុជាត្រូវបានរៀបចំឡើងរយៈពេល៤ឆ្នាំមកហើយ ដោយរៀបចំឡើងដោយមូលនិធិរក្សាកុមារ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា។ ជាក់ស្ដែងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ ទិវាស្ដាប់ឮកម្ពុជា ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីលោកស្រី ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ, លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផង។

លោកស្រី ជា សិរី ឲ្យដឹងថា កន្លងមកមូលនិធិរក្សាកុមារបានឧបត្ថម្ភ និងសហការរៀបចំទិវាការស្តាប់ឮកម្ពុជា៤ដងរួចមកហើយ ជាមួយអង្គការផ្តល់ក្តីសង្ឃឹមកម្ពុជា ដោយក្នុងឆ្នាំ២០១៨ ប្រារព្ធឡើង ក្រោមប្រធានបទ «ស្តាប់ឮនាពេលអនាគត.. និងរៀបចំសម្រាប់ការស្តាប់ឮ» ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹង និងលើកកម្ពស់ការថែទាំត្រចៀក ការស្តាប់ឮព្រមទាំងការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្តាប់ឮ ដែលអាចជះឥទ្ធិពលអវិជ្ជមានលើសុខភាព

លោកស្រីបន្ដថា ឆ្នាំនេះទិវាការស្តាប់ឮកម្ពុជា បានប្រារព្ធឡើងម្ដងទៀតហើយក្រោមប្រធានបទ «សូមត្រតពិនិត្យការស្តាប់ឮរបស់លោកអ្នក» មកផ្សព្វផ្សាយក្នុងគោលបំណងបង្ហាញពី សារៈសំខាន់នៃការកំណត់រោគវិនិច្ឆ័យ និងការព្យាបាលទប់ស្កាត់ទាន់ពេលវេលា ចំពោះការបាត់បង់ការស្តាប់ឮ។

លោកស្រី ជា សិរីបន្ដថា «យើងទាំងអស់គ្នាត្រូវជំរុញការយកចិត្តទុកដាក់ និងយល់ដឹងបន្ថែមពីការទប់ស្កាត់ និងការបង្ការពិការភាពបាត់បង់ការស្តាប់ឮ ដោយសារមានមនុស្សជាច្រើនរស់ នៅជាមួយភាពពិការថ្លង់ ហើយមួយចំនួនបាត់បង់ការស្តាប់ឮ ដោយមិនបានដឹងខ្លួន»។

លោកស្រី យឹម ឆៃលីន ឲ្យដឹងថា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មក ហើយនេះជាលើកទី៤ ហើយនៃការប្រារព្ធទិវាការស្តាប់ឮកម្ពុជា ដោយតែងតែទទួលបានការគាំទ្រថវិកាពី មូលនិធិរក្សាកុមារ និងសហការរៀបចំជាមួយអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមផ្សព្វផ្សាយការយល់ដឹង និងលើកកម្ពស់ការថែទាំត្រចៀក និងការស្តាប់ឮព្រមទាំងការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្តាប់ឮ នៅប្រទេសកម្ពុជា។

លោកស្រីបន្ដថា គោលបំណងទិវាការស្តាប់ឮកម្ពុជានៅឆ្នាំនេះ បង្ហាញពីសារៈសំខាន់នៃការកំណត់អត្តសញ្ញាណ និងការវិនិច្ឆ័យ ឱ្យបានទាន់ពេលវេលា ចំពោះការបាត់បង់ការស្តាប់ឮ។

អ្នកបាត់បង់ការស្តាប់ឮគឺ អ្នកដែលមិនអាចស្តាប់ឮបានដូចអ្នកណា ម្នាក់ដែលមានការស្តាប់ឮធម្មតា។

លោកស្រីបន្ថែមថា ការបាត់បង់ការស្តាប់ឮអាចប្រែប្រួលទៅជាធ្ងន់ធ្ងរបាន ពេលបាត់បង់ការស្តាប់ឮហើយ វាក៏មិនអាចជាសះស្បើយបានដូចធម្មតាវិញឡើយ ដូច្នេះសូមចេះស្រលាញ់ឲថែរក្សា និងថែទាំត្រចែករបស់យើងឱ្យបានល្អប្រសើរ៕

ដកស្រង់ពី៖ Fresh news