Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវឲ្យរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ទៅចុះបញ្ជីជាមួយ ប.ស.ស

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ទៅចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីឲ្យកម្មករ-កម្មការិនី និងបុគ្គលិកដែលបម្រើការងារ ទទួលសេវាគាំពារសង្គមពីរាជរដ្ឋាភិបាល។

ការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលជាការអំពាវនាវរបស់ខ្ញុំ សុំឲ្យបណ្តាសហគ្រាស ក្រុមហ៊ុនទាំងឡាយ ដែលមិនទាន់បានចុះបញ្ជី ត្រូវតែចុះបញ្ជី ដើម្បីធានាថា កម្មករត្រូវបានទទួលផលប្រយោជន៍ ពីនយោបាយគាំពារសង្គម ដោយទទួលបាននូវការពិនិត្យ និងព្យាបាលដោយឥតគិតប្រាក់ ជាពិសេសគឺសម្រាប់កម្មការិនី ដែលធ្វើការនៅទីកន្លែងនោះ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ពីគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ»។

«ចំណុចនេះ ខ្ញុំស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមគ្នាជាមួយក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យពិនិត្យមើលថា ក្នុងករណីដែលក្រុមហ៊ុននានា មិនទាន់បានចុះបញ្ជីទេ តើយើងអាចធ្វើទៅរួចទេ ជាមួយនឹងការធ្វើរួមគ្នាតែម្តង អំពីការស្រង់ស្ថិតិស្រ្តី ជាកម្មការិនីនៅតាមទីកន្លែងនានា។

ឧទាហរណ៍ថា ក្រុមហ៊ុនសំណង់មួយ ច្បាស់ជាមានស្ត្រីនៅទីនោះហើយ ប៉ុន្តែក្រុមហ៊ុនសំណង់នោះ មិនទាន់បានចុះបញ្ជី នៅបេឡាជាតិរបបសន្តិសុខសង្គម នៅឡើយទេ»។

នេះបើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែម។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យធ្វើស្ថិតិ រកស្ត្រីនៅតាមការដ្ឋានសំណង់ ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនមួយចំនួនទៀត កសិដ្ឋានកសិកម្ម ឧស្សាហកម្មជាដើម ដើម្បីពួកគេបានទទួលការឧបត្ថម្ភ ពីរាជរដ្ឋាភិបាលប្រមាណ ៧៦ម៉ឺនរៀល ចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ។

សម្តេចបានស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរួមគ្នាពិនិត្យមើលតាមទីកន្លែងណា ដែលមិនទាន់បានចុះបញ្ជី ត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់។

សម្តេចមានប្រសាសន៍បន្តថា «ដូច្នេះផលប្រយោជន៍ដល់កម្មករទាំងបុរស និងកម្មការិនីជាស្ត្រី នឹងត្រូវបាត់បង់ ក៏ប៉ុន្តែត្រូវតែពន្លឿន នូវបញ្ហាដែលសម្រាប់កម្មការិនីរបស់យើង តើយើងអាចធ្វើទៅរួមគ្នាបានទេ ស្រង់ស្ថិតិនៅតាមរោងចក្រ សហគ្រាសមួយចំនួន ឬក៏កន្លែងធ្វើការមួយចំនួន កសិដ្ឋានមួយចំនួន ដោយយើងអាចផ្តល់ប័ណ្ណជូនពួកគាត់ ដើម្បីធានាការរាប់រកជាមួយនឹង ផលប្រយោជន៍របស់ពួកគាត់ ឆ្លងទន្លេនូវការពិនិត្យព្យាបាល ដោយមិនគិតប្រាក់»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានហ្មត់ចត់ ទៅលើសេវាគាំពារសង្គម ដើម្បីឲ្យស្រ្តីទទួលបានអត្ថប្រយោជន៍ របស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ចេញ។

ក្រសួងក៏ត្រូវបន្តយកចិត្តទុកដាក់ចំពោះកម្មការិនី ដោយទទួលបានឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ឈ្នួល ១២០ភាគរយ និងប្រាប់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលផងដែរ។

យោងតាមរបាយការណ៍របស់ ប.ស.ស បានឲ្យដឹងថា ពេញមួយឆ្នាំ២០១៨ មានកម្មការិនីនៅទូទាំងប្រទេស បានសម្រាលកូនចំនួន ៦៥,០៥៤នាក់ ដោយសម្រាលបានកូនសរុបចំនួន ៦៥,៥៣៤នាក់ ក្នុងនោះស្ត្រីដែលសម្រាលបានកូនភ្លោះពីរ មានចំនួន ៤៧០នាក់ និងកូនភ្លោះបីមានចំនួន ៥នាក់។ ហើយ ប.ស.ស បានផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់ កម្មការិនីសម្រាលកូនខាងលើ សរុបចំនួន ២៦,២១៣,៦០០,០០០រៀល ស្មើនឹងជាង ៦,៥លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យមានការឧបត្ថម្ភដល់កម្មការិនី ពេលសម្រាលកូនចាប់តាំងពីដើមឆ្នាំ ២០១៨មក។ ក្នុងនោះកម្មការិនីសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះបី ទទួលបាន១លាន ២សែនរៀលផងដែរ៕

ដកស្រង់ពី៖ Fresh News