Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីកសិកម្ម ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ជួយពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ឲ្យមានលក្ខណៈជាកសិធុរកិច្ច និងអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាឲ្យមានប្រសិទ្ធភាពខ្ពស់

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការ NGO ពាក់ព័ន្ធទាំងអស់ គួរយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យមានលក្ខណៈជាកសិធុរកិច្ច និងអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាឲ្យមានប្រសិទ្ធភាពខ្ពស់។

ការស្នើរបស់រដ្ឋមន្ដ្រីកសិកម្ម បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ជូនអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងក្របខ័ណ្ឌវិស័យកសិកម្មចំនួនជាង ៤០ ក្នុងនោះ ២៣ជាអង្គការ NGO ក្នុងស្រុក និង១៧ទៀត ជាអង្គការ NGO ក្រៅប្រទេស។

ពិធីនេះ រៀបចំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។ លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ត្រូវខិតខំរួមគ្នា ដើម្បីជំរុញការធ្វើពិពិធកម្មកសិកម្ម បង្កើនតម្លៃបន្ថែមខ្ពស់ និងមានសក្តានុពលលើផលិតកម្មដំណាំ ការចឹញ្ចឹមសត្វ និងវារីវប្បកម្ម។ ជាមួយគ្នានេះ អង្គការ NGO ត្រូវខិតខំបន្តការបណ្តុះបណ្តាល និងផ្សព្វផ្សាយបចេ្ចកវិទ្យាដំណាំកសិកម្ម។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីកសិកម្ម ក៏ប្រាប់ឲ្យពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ប្រកបដោយតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងការទទួលខុសត្រូវ ខ្ពស់ចំពោះមុខច្បាប់ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ បង្កើនប្រសិទ្ធភាពការងារ យោគយល់ សាមគ្គីភាពឲ្យបានល្អប្រសើរ ប្រកបដោយភាពសុខដុម។

លោករដ្ឋមន្ដ្រីកសិកម្ម បានបន្ថែមថា សូមឲ្យអង្គការ NGO បន្តសហការអនុវត្តខ្លឹមសារអនុស្សរណៈយោគយល់គ្នា ឲ្យបានខ្ជាប់ខ្ជួន ពេលលេញ និងមានប្រសិទ្ធភាព និងសូមជៀសវាងជាដាច់ខាត នូវសកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធការធ្វើនយោបាយ ការគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មជាដើម។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាខាងលើនេះ រៀបចំធ្វើឡើង ក្នុងគោលបំណងធំៗចំនួន០៣ រួមមាន៖

ទី១៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ NGO ដែលកំពុងបំពេញភារកិច្ចពាក់ព័ន្ធនឹងវិស័យកសិកម្ម។

ទី២៖ បង្កើតឱកាសឲ្យភាគីទាំងពីរ បានជួបប្រាស្រ័យទាក់ទង សន្ទនាគ្នា បង្កើនភាតរភាពស្និទ្ធស្នាល សាមគ្គី គោរព និងយោគយល់គ្នាល្អប្រសើរ រួចរួមគ្នាបន្តបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ សង្គម និងប្រជាជនកម្ពុជា យ៉ាងពិតប្រាកដ។

ទី៣៖ រួមគ្នាកំណត់នូវបញ្ហាប្រឈមនានា ពិនិត្យមើលឡើងវិញអំពីចំណុចខ្លាំង ចំណុចខ្សោយ ឧបសគ្គ រួចលើកទិសដៅសម្រាប់ជាចក្ខុវិស័យអនុវត្ត បន្តឲ្យកាន់តែមានសកម្មភាពទ្វេឡើង ទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន ផែនការ និងកម្មវិធីអភិវឌ្ឍន៍ជាតិ ពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕






ដកស្រង់ពី៖ Fresh News