បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង៣ពាន់នាក់

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

ពិធីនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានឲ្យ Fresh News ដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ មានចំនួនសរុប ៣,០៤៣នាក់ ក្នុងនោះមានស្ត្រី ១,៤១២នាក់។

លោកបណ្ឌិត លុយ ចណ្ណា បានឲ្យដឹងផងដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ ២,៥០១នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥៤២នាក់។

បើតាមលោកបណ្ឌិត លុយ ចណ្ណា ចាប់តាំងពីការបើកបណ្តុះបណ្តាល ឡើងក្រោយការដួលរលំនៃ របបប្រល័យពូជសាសន៍ ប៉ុលពត សាកលវិទ្យាល័យបានផ្តល់ សញ្ញាបត្រជូននិស្សិត ចំនួន១៩លើករួចមកហើយ។

ក្នុងនោះនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយនេះមានជាង ៥ម៉ឺននាក់៕

ដកស្រង់ពី៖ Fresh News