បណ្តាញសង្គម

អភិបាលរាជធានីភ្នំពេញ នាំយកអំណោយកាកបាទក្រហម ផ្តល់ជូនពលរដ្ឋរងគ្រោះអគ្គិភ័យទាំង៤៨ខ្នង នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១គ្រួសារ ដែលរងគ្រោះអគ្គិភ័យឆាបឆេះ កាលពីម្សិលមិញអស់៤៨ ខ្នងផ្ទះ ស្មើនឹង៥១គ្រួសារ ស្ថិតក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលជួបបញ្ហារងគ្រោះអគ្គិភ័យ។

បន្ទាប់មកលោកប្រធានសាខារាជធានីភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុត ចំពោះគ្រួសារចំនួន៥១គ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៏ដូចទ្រព្យសម្បត្តិ ត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបានដើម្បីបន្តជីវភាព និងខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពឱ្យកាន់តែប្រសើរឡើងជាងនេះទៀត។

លោកប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសារទាំង៥១ គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសម្រាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀតក្នុងនោះដែរ លោកប្រធាន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំឱ្យមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទឹកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ»។

លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ទាំងមូលឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាអគ្គិភ័យ ដោយសារតែចូលមកដល់ខែមីនានេះអាកាសធាតុក្តៅខ្លាំង ហើយវាងាយនឹងប្រឈមនូវអគ្គិភ័យកើតឡើងដោយប្រការណាមួយប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនបានប្រុងប្រយ័ត្នខ្ពស់ទេនោះ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌សាខាផ្តលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៥១គ្រួសាររួមមាន៖ អង្ករ១បាវ៣០គីឡូ, មី១កេស, ត្រីខ១០កំប៉ុង, ទឹកដោះគោ៥កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ ១កេស, ស្ករស១គីឡូក្រាម, ទឹកក្រូច១០កំប៉ុង, តែ៥កញ្ចប់, តង់១, ឆ្នាំងបាយ១, ធុងទឹកកក១, រួមទាំងថវិកាក្នុង១គ្រួសារ៥០,០០០រៀលផងដែរ៕

ដកស្រង់ពី៖ Fresh News