បណ្តាញសង្គម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យដំណើរការ QR Code ផ្ដល់លទ្ធភាពឱ្យទាំងអ្នកចូលរួម និងមិនបានចូលរួមវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ទទួលបានឯកសារពាក់ព័ន្ធនឹងធុរកិច្ច និងការវិនិយោគ

(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ៩ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨៖០០ព្រឹកនេះ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលបន្តិចទៀតនេះ។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំដាក់ឱ្យដំណើរការ QR Code និងតំណភ្ជាប់ខ្លី (short link) ដែលផ្ដល់លទ្ធភាពឱ្យទាំងអ្នកចូលរួម ទាំងអ្នកមិនបានចូលរួម ដូចជាមន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត សិស្សានុសិស្ស និងធុរជនដទៃទៀត អាចទាញយកបានភ្លាមៗ នូវឯកសារពាក់ព័ន្ធនឹងធុរកិច្ច និងការវិនិយោគ ដើម្បីយកមកប្រើប្រាស់ ឬសម្រាប់ធ្វើការស្រាវជ្រាវ តាមរយៈការប្រើទូរស័ព្ទឆ្លាតវៃ (ស្មាតហ្វូន) ស្កេនលើ QR Code ឬ វាយបញ្ចូលអាសយដ្ឋានតំណភ្ជាប់ខ្លី (short link) ជាការស្រេច។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រើប្រាស់បច្ចេកវិទ្យាបែបនេះ ដោយអនុលោមទៅតាមប្រសាសន៍ណែនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាសដែលសម្តេចបានអញ្ជើញចូលរួម បើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ លើប្រធានបទ «ការប្រែក្លាយផ្នែកជីឌីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ការប្រើប្រាស់បច្ចេកវិទ្យាបែបនេះ មិនត្រឹមតែជួយសម្រួលដល់ធុរជន អ្នកវិនិយោគ មន្ត្រីរាជការ ក៏ដូចជាសាធារណៈជនទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកលើកកម្ពស់បរិស្ថាន តាមរយៈការកាត់បន្ថយជាអតិបរមា នូវការប្រើប្រាស់ក្រដាសផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបញ្ចូលនូវឯកសារថ្មីៗបន្ថែមទៀត រួមទាំងសេចក្តីជូនដំណឹងអំពី លទ្ធផលនៃវេទិកា ក្រោយពីការបញ្ជប់នៃវេទិកានេះ៕

 

 

ដកស្រង់ពី៖ Fresh News