Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង ដាក់ចេញវិធានការ ៥ចំណុច សំខាន់ៗ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់ចេញវិធានការសំខាន់ៗ

ចំនួន៥ចំណុច ដើម្បីឲ្យមន្ដ្រីអ្នកអនុវត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

វិធានការសំខាន់ៗ ដែលសម្ដេចក្រឡាហោម ស ខេង ដាក់ចេញនូវក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ជាតិ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩ រួមមាន៖

*ទី១៖ បន្ដយកចិត្តទុកដាក់ទប់ស្កាត់ឲ្យកាន់តែច្រើនបន្ថែមទៀត៖ ក្នុងន័យនេះ ឲ្យបង្កើនអប់រំផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិកត្រូនិក វិទ្យុ ទូរទស្សន៍ និងតាមបណ្តាញផ្សព្វផ្សាយសង្គម ក៏ដូចជាការបិតផ្សាយសារ ការសម្តែងសិល្បៈ ភាពយន្តខ្នាតខ្លី និងការចែកខិតប័ណ្ណ ក៏ត្រូវបានធ្វើជាញឹកញាប់ទៅដល់ជនងាយរងគ្រោះ។

*ទី២៖ បន្ដការខិតខំដើម្បីបង្ក្រាបបទល្មើសជួញដូរមនុស្ស៖ ចំណុចនេះសម្ដេចបានបង្ហើមថា បញ្ហាគន្លឹះ គឺការរកឲ្យឃើញនូវមេក្លោងនៃការជួញដូរមនុស្ស។

សម្ដេចជឿថា បញ្ហានេះពិតជាមានការឃុបឃិតពីមេក្លោង នៅក្នុងប្រទេស និងនៅក្រៅប្រទេស ប៉ុន្ដែទោះបីជាយ៉ាងណា ការទទួលបានព័ត៌មានពិត អំពីការជួញដូរមនុស្សនេះ ជារឿងសំខាន់ណាស់ ដើម្បីឈានទៅបង្ក្រាបមានប្រសិទ្ធភាព ហើយដើម្បីឈានទៅលើកវិធានការសហប្រតិបត្តិការ ជាមួយដៃគូរពាក់ព័ន្ធ ពិសេសនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលខេត្តបន្ទាយមានជ័យ និងបាត់ដំបងជាគោលដៅសំខាន់។

*ទី៣៖ បន្ដការបើកសវនាការកាត់ទោស ផ្ដន្ទាទោសដល់អ្នកដែលប្រព្រឹត្ត ល្មើស ដែលនៅសេសសល់ដើម្បីបង្ហាញមតិជាតិ និងអន្ដរជាតិមើលឃើញថា កម្ពុជាមានឆន្ទៈពិតប្រាកដ ដើម្បីប្រយុទ្ធប្រឆាំងការងារជួញដូរមនុស្ស។

*ទី៤៖ បន្ដយកចិត្តទុកដាក់ ដើម្បីជួយដល់ជនរងគ្រោះ ដែលត្រូវរៀបចំកន្លែងសំចតមួយបណ្ដោះអាសន្នដល់ជនរងគ្រោះ មុនបញ្ជូនទៅលំនៅឋាន ហើយកន្លែងនេះក៏ជាកន្លែងមួយដែលសម្រាប់ស្រាវជ្រាវ និងសួរនាំដល់ជនរងគ្រោះ ដើម្បីស្រាវជ្រាវរកមេក្លោងផងដែរ។

*ទី៥៖ បន្ដខិតខំដើម្បីស្វែងរកការគាំទ្រ និងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលចំណុចនេះសម្ដេចបញ្ជាក់ថា ការងារនេះបើពឹងផ្អែកទៅលើ សមត្ថកិច្ចណាមួយមិនគ្រប់គ្រាន់នោះទេ ពោលទាល់តែមានការសហការរវាងសមត្ថកិច្ច និងសមត្ថកិច្ច ហើយសមត្ថកិច្ច និងពលរដ្ឋ ព្រមទាំងជនទាំងឡាយដែលជាកម្មវត្ថុនៃការជួញដូរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏អំពាវនាវដល់សមាជិកទាំងអស់ ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរជំនាញនានាក្នុងរដ្ឋបាលខេត្ត ដែលជាខ្សែបណ្ដោយរបស់ក្រសួង ដៃគូរប្រជាពលរដ្ឋ សមត្ថកិច្ចអនុវត្តច្បាប់ បន្ដសហប្រតិបត្តិការជាមួយគ្នាដើម្បីទទួលបានជោគជ័យកាន់តែច្រើនបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សូមបញ្ជាក់ ថា ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសេនាធិការ បានបង្ក្រាប ចាប់ឃាត់ខ្លួន និងបញ្ជូនជនប្រព្រឹត្តបទល្មើស២២៤នាក់ ទៅតុលាការដើម្បីផ្តន្ទាទោស ក្នុងបេសកកម្មបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុប ១៣៤ករណី និងសង្គ្រោះជនរងគ្រោះ សរុបចំនួន ២៣០នាក់ ក្នុងនោះមានទាំងក្មេងអាយុក្រោម១៥ឆ្នាំ ៩២នាក់ អាយុពី១៥ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ២៣នាក់ និងអាយុ១៨ឆ្នាំឡើង ១១៥នាក់។

ដោយឡែកស្ថាប័នតុលាការ បានអនុវត្តតួនាទីរបស់ខ្លួនរហូតដល់តំណាក់កាលជំនុំជម្រះ ករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទូទាំងរាជធានី-ខេត្ត សរុបបានចំនួន ២១៤ករណី ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ បាន ២៧៣នាក់ (ស្រី២៥២នាក់) អនិតិជន១១៤នាក់ (ស្រី១០៧នាក់) និងបានរកឃើញជនជាប់ចោទ សរុប ២៥៣នាក់ (ស្រី៤៣នាក់) ក្នុងនោះ (ចាត់ការរួច៧២ករណី ផ្តន្ទាទោសដាក់ពន្ធនាគារ ១២៥នាក់ និងកំពុងបន្តចាត់ការ ១៤២ករណី )៕

ដកស្រង់ពី៖ Fresh News