បណ្តាញសង្គម

ភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តខេត្តក្រចេះ មានការកើនឡើង ជិត ១០% ក្នុងឆមាសទី១

ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០១៤នេះ ចំនួន ភ្ញៀវទេសចរអន្តរជាតិ បានទៅកម្សាន្ត នៅក្នុងខេត្តក្រចេះ មានចំនួន ១២.៦៦២នាក់ ដែលចំនួននេះ មានការកើនឡើងប្រមាណ ៩,៧១% បើធៀបនិង រយៈពេលដូចគ្នា ឆ្នាំ២០១៣ មានចំនួនតែ ១១.៥៤១នាក់។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) ដែលទទួល បានរបាយការណ៍ ពីមន្ទីរទេសចរណ៍ ខេត្តក្រចេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៣កន្លងទៅ ខេត្តក្រចេះទទួល បានភ្ញៀវទេសចរអន្តរជាតិ សរុប ២២.៧៦៦នាក់ ដែលចំនួននេះ ក៏មានការកើនឡើងចំនួន ៣.០៥២នាក់ បើប្រៀបធៀបនឹង ឆ្នាំ២០១២ ដែលមានចំនួន សរុបត្រឹមតែ ១៩.៧១៤នាក់។

លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តក្រចេះ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ចំនួន ភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើង ប្រមាណពី ១៥% ទៅ ២០% ក្នុងមួយឆ្នាំៗ។ លោក បានអះអាងថា “ចំពោះប្រភព ទីផ្សារទេសចរណ៍វិញ គឺតំបន់អឺរ៉ុប បានដើរតួសំខាន់ជាងគេ បន្ទាប់មក គឺតំបន់ អាស៊ីប៉ាស៊ីហិ្វក និងតំបន់អាម៉េរិក ហើយជនជាតិដែល តែងតែនាំមុខគេ និងមានចំនួនច្រើនជាងគេ គឺជាជនជាតិ បារាំង ដែលមួយឆ្នាំៗ មានចំនួនមិនតិចជាង ៤.០០០នាក់ទេ”។

ប្រធានមន្ទីរ បានបញ្ជាក់ថា ការកើនឡើង នៃចំនួនភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ បានបង្ហាញឲ្យឃើញថា ខេត្តក្រចេះ គឺជាខេត្តមួយ ដែលមានសក្តានុពល ខាងវិស័យទេសចរណ៍ ដែលសម្បូរទៅដោយ ធម្មជាតិ ស្រស់ បំព្រង ព្រមទាំងមាន កន្លែងកម្សាន្តជាច្រើន ដែលធ្វើឲ្យ វិស័យទេសចរណ៍ ខេត្តក្រចេះ បាននិងកំពុងអភិវឌ្ឍ រីកចម្រើន គួរជាទីមោទនៈ។ បច្ចុប្បន្នខេត្តក្រចេះ មានរមណីយដ្ឋាន ទេសចរណ៍ ១៦កន្លែង ក្នុងនោះរមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ -ប្រវត្តិសាស្រ្ត ៦កន្លែង, រមណីយដ្ឋានធម្មជាតិ ៩កន្លែង, រមណីយដ្ឋានកែច្នៃ ១កន្លែង និងសហគមន៍ ទេសចរណ៍ ៤កន្លែង។ ខេត្តក្រចេះ មានសណ្ឋាគារចំនួន ១៣ ស្មើនឹង ៥៤៧បន្ទប់, ផ្ទះសំណាក់ ៣៤កន្លែង ស្មើនឹង ៣៩២ បន្ទប់៕