បណ្តាញសង្គម

Corsair បញ្ចេញ Case កុំព្យូទ័រថ្មី​មាន​ភ្លើង RGB និងកញ្ចក់​ការ​ពា​រ​រឹង ក្នុង​តម្លៃ​ប្រកួត​ប្រជែង​ខ្ពស់

ម៉ាស៊ីន Desktop ដែលមានភាពទាក់ទាញ មិនមែនអាស្រ័យទៅលើផ្នែករឹងខាងក្នុងសុទ្ធនោះទេ ក្នុងនោះ Case ការពារខាងក្រៅ ក៏ដើរតួយ៉ាងសំខាន់ផងដែរ ដោយហេតុថា វាបង្ហាញឲ្យយើង

ឬអ្នកដើរកាត់ឃើញអំពីមុខមាត់របស់វា។ ហេតុផលលេង Case ឬជ្រើសរើស Case នេះទៀតសោត ក៏ផ្ដោតផងដែរទៅលើភាពបត់បែនបានរបស់វា ថាតើវាអាចប្រើប្រាស់ជាមួយផ្នែករឹងប្រភេទណា អាចដាក់កង្ហារបន្ថយកម្ដៅប្រភេទធុងទឹក ឬ Water blog បានទេ? អាចដាក់កង្ហារបានប៉ុន្មាន ការរៀបចំខ្សែភ្លើងខាងក្រោយ និងកន្លែងដាក់អង្គផ្ទុកទិន្នន័យជាអាទិ៍។

ក្នុងនោះក្រុមហ៊ុន Corsair ដែលល្បីល្បាញផ្នែកផលិតផ្នែករឹងកុំព្យូទ័រទើបតែប្រកាសចេញជាផ្លូវការនូវ Case កុំព្យូទ័រស៊េរីថ្មីមួយផ្សេងទៀតរបស់ខ្លួន ជាមួយនឹងយុទ្ធសាស្រ្តពិសេស គឺលក់ក្នុងតម្លៃធូរថ្លៃ ដើម្បីប្រជែងជាមួយដៃគូ ក៏ដូចជាមានចំនុចពិសេសៗច្រើនសម្រាប់អ្នករៀប ឬ Build ម៉ាស៊ីនថ្មីៗ។ Case ថ្មីនេះមានឈ្មោះហៅជាផ្លូវការថា Carbide 175R RGB ជាប្រភេទ Mid-Tower មានន័យថាវាមិនធំពេក ហើយក៏មិនតូចពេក គឺល្មមទុកដាក់ តែស្ថិតក្នុងកម្រិត Entry Level តែដូចឈ្មោះវាអញ្ចឹង វាមានភ្លើង RGB មកជាប់ជាមួយនឹងឡូហ្គូខាងមុខ ដែលអាចផ្លាស់ប្ដូរពណ៌បានយ៉ាងច្រើន និងមានគុណភាពផលិតអាចទទួលយកបាន ដោយមានគ្រោងឆ្អឹងជាលោហៈ ផ្នែកខាងក្រៅលាយជ័រស្វិតខ្លះ និងមានកញ្ចក់ (Tempered Glass) ថ្លា ដើម្បីឆ្លុះបញ្ចាំងផ្នែកខាងក្នុង។

មិនតែប៉ុណ្ណោះ Carbide 175R RGB បើកសិទ្ធិឲ្យម្ចាស់របស់វាបំពាក់មកជាមួយកង្ហារទំហំ 120mm ឬ 140mm បានចំនួន6 គ្រាប់ ដោយក្នុងនោះ Corsair បំពាក់មកជាមួយកង្ហារមានភ្លើង RGB មួយរួចជាស្រេចជាមួយនឹង Case ដោយអ្នកទិញអាចជាវកង្ហារបន្ថែមទៅទាមត្រូវការ។ Case នេះមានវិមាត្រសរុប 418 x 210 x 450mm ជាមួយនឹងទម្ងន់សរុប 6.1 គីឡូក្រាម អាចយកទៅប្រើប្រាស់បានជាមួយនឹងពពួក Motherboard ប្រភេទ ATX, Micro ATX និង Mini-ATX តែវាសាកសមជាងបើតម្លើងជាមួយនឹង Motherboard ATX ព្រោះវាពេញល្អ។ សម្រាប់រន្ធតំណរភ្ជាប់វិញ នៅខាងមុខរួមមាន USB 3.0 x 2 និងរន្ធដោតកាស 3.5mm អមជាមួយប៊ូតុង Power។

ចុងក្រោយគេគឺជាប្រភេទអង្គផ្ទុកទិន្នន័យ ដែលយើងអាចតម្លើង SSD ប្រភេទ SATA ទំហំ 2.5 អ៊ីញចំនួន 2 គ្រាប់ និង Hard Disk Drive បានពីរដូចគ្នា ជាមួយនឹងប្រ័ពន្ធគ្រប់គ្រងខ្សែភ្លើងអាចទទួលយកបាន។ Corsair នឹងចេញលក់ Case នេះក្នុងតម្លៃ USD 60 នៅទីផ្សារអាមេរិក ហេតុដូច្នេះហើយបើទោះបីវាមានចំនុចខ្សោយបន្តិចបន្តួចពិតមែន តែយើងអាចទទួលយកបានជាមួយនឹងតម្លៃសមរម្យ។ Corsair ចាប់ផ្ដើមបញ្ចេញ Carbide 170R RGB លក់ហើយ ដូច្នេះមិនយូរនោះទេ វានឹងធ្វើដំណើរមកដល់ទីផ្សារស្រុកខ្មែរ ក្នុងតម្លៃខុសគ្នាបន្តិចបន្តួចតាមទីផ្សារជាក់ស្ដែង។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15988