បណ្តាញសង្គម

OnePlus 7 នឹង​នៅ​មាន​រូប​រាង​ដូច OnePlus 6T ដែរ គ្រាន់​តែ​អាប់ដេត​ផ្នែក​ខាង​ក្នុង​ប៉ុណ្ណោះ!

រហូតមកដល់ពេលនេះ ក្រុមហ៊ុន OnePlus គឺនៅតែយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយស្មាតហ្វូន OnePlus7Pro តែប៉ុណ្ណោះ ដែលមានអេក្រង់លាតពេញ ហើយនឹងអេក្រង់ប្រភេទ 90Hz Refresh Rate ថែមទៀតផង

ដោយឡែក សម្រាប់ស្មាតហ្វូន OnePlus 7 (ម៉ូឌែលធម្មតា) ហាក់បីជាស្ងាត់ឈឹងតែម្ដង។ ទោះបីជាយ៉ាងណា របាយការណ៍ លេចធ្លាយថ្មីមួយ ក៏ទើបត្រូវបានចេញផ្សាយ ដែលបង្ហាញឲ្យឃើញថា ក្រុមហ៊ុន OnePlus បានសម្រេចចិត្ត រក្សារូបរាងដដែល ដោយស្រដៀងគ្នាច្រើន បើប្រៀបធៀបទៅនឹង ស្មាតហ្វូនម៉ូឌែល OnePlus 6T ដែលបានចេញលក់កាលពីឆ្នាំ 2018 កន្លងទៅនេះ។

ខណៈពេលដែល ក្រុមហ៊ុន OnePlus នៅតែចង់ប្រើប្រាស់ ការឌីហ្សាញរបស់ OnePlus 6T នៅលើ OnePlus 7 អាចមានន័យថា ក្រុមការងាររបស់ខ្លួន គឺពិតប្រាកដជា ខិតខំប្រឹងប្រែងផ្ដោតទៅលើ ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro ច្រើនជាងមែនទែន។ បើទោះបីជា ការរចនាបថខាងក្រៅ នៅរក្សាដដែលក៏ដោយ ប៉ុន្ដែប្រភពសារពត៌មាន WinFuture បានបញ្ជាក់ប្រាប់ថា នៅផ្នែកខាងក្នុង នៃស្មាតហ្វូន OnePlus 7 នឹងត្រូវបានអាប់ដេតថ្មី ដោយអាចប្រើប្រាស់បន្ទះឈីប Snapdragon 855 SoC ជាមួយរ៉េមទំហំ 6GB/8GB បូកនឹងទំហំផ្ទុកចំនួន 128GB/256GB ថែមទៀតផង។

ចំណែកឯផ្នែកកាមេរ៉ាដើម របស់ស្មាតហ្វូនម៉ូឌែល OnePlus 7 នឹងត្រូវបានបំពាក់ដោយ សេនស័រកាមេរ៉ាទំហំ 48MP (f/1.7) ដូចគ្នាទៅនឹងម៉ូឌែល OnePlus 7 Pro អញ្ចឹងដែរ។ ខណៈពេលដែលម៉ូឌែល “Pro” មានកាមេរ៉ាចំនួន 3 គ្រាប់ ហើយម៉ូឌែលធម្មតា ទទួលបានកាមេរ៉ាត្រឹម 2 គ្រាប់តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត សម្រាប់ផ្នែកថាមពលថ្មវិញ ប្រភពសារពត៌មានដដែល បានប្រាប់បន្ថែមថា ស្មាតហ្វូនម៉ូឌែល OnePlus 7 នឹងអាចមានទំហំត្រឹម 3,700mAh ដូចទៅនឹងស្មាតហ្វូន OnePlus 6T អញ្ចឹង។

សរុបមក កាលពីមុនៗមក របាយការណ៍លេចធ្លាយ បានចុះផ្សាយឲ្យដឹងថា ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro ត្រូវបានគេរំពឹងទុកថា នឹងមានតម្លៃប្រហែលជាង $700 ដុល្លារ អាមេរិកឡើងទៅ ដោយឡែកសម្រាប់ម៉ូឌែល OnePlus 7 ស្តង់ដារវិញនោះ អាចនឹងមានតម្លៃ ទាបជាងនេះផងដែរ។ ទាំងពីរម៉ូឌែលនេះ នឹងត្រូវបានក្រុមហ៊ុន OnePlus ប្រកាសចេញជាផ្លូវការ នៅក្នុងថ្ងែទី 14 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ អញ្ចឹងកុំភ្លេចតាមដានបន្ត ទាំងអស់គ្នា។

ដកស្រង់ចេញពីCamborReport