បណ្តាញសង្គម

Samsung នឹង​លុប​ចោល​ការ Pre-Order ដោយ​ស្វ័យ​ប្រវត្តិ បើ​សិន​ការ​ដឹក​ជញ្ជូន​ចេញ​លក់​មិន​ទាន់​តាម​កាល​កំណត់ ព្រោះ​បញ្ហា​មួយ!

Samsung បានចាប់ផ្ដើមបើកអោយអតិថិជន ដែលរស់នៅក្នុង សហរដ្ឋអាមេរិក អាចធ្វើការកក់ទុក ឬហៅថា Pre-Order លើស្មាតហ្វូនអេក្រង់បត់ Galaxy Fold ដែលជាម៉ូឌែល ជំនាន់ដំបូងរបស់ខ្លួន ជាផ្លូវការ

កាលពីថ្ងែទី 26 ខែមេសា កន្លងទៅ ចំណែកសម្រាប់ទីផ្សារ ទូទាំងពិភពលោក អាចធ្វើឡើងនៅដើម ខែឧសភានេះ និងទទួលបានរបស់នៅថ្ងៃទី 31 ក្នុងខែដដែល។ ចំនុចដែលកាន់ពិសេសនោះ គឺថាចំនួនលក់ពីការ Pre-order ត្រូវបានដាច់អស់ពីស្ដុកតែម្តង ហើយសម្រាប់អ្នកកក់ទុកមិនទាន់គេ អាចត្រូវរង់ចាំស្តុកថ្មី នៅពេលក្រោយៗទៀត។

វាជាដំណឹងមួយល្អ សម្រាប់ក្រុមហ៊ុន Samsung ដែលស្មាតហ្វូនអេក្រង់បត់របស់ខ្លួន ទទួលបានការគាំទ្រ និងកុម្ម៉ង់ទិញច្រើន ពីសំណាក់អ្នកប្រើប្រាស់ បើទោះជាតម្លៃរបស់វា ថ្លៃដល់ទៅជិត 2 ពាន់ដុល្លារ ក៏ដោយ។ តែយ៉ាងណា រឿងពិតដែល មិនមែនជាសុបិនល្អមួយ ក៏បានកើតឡើងលើ Galaxy Fold ដោយ វាស្រាប់តែមានបញ្ហា ឆ្លងស្នាមលើអេក្រង់ ជាខ្សែឆ្នូតៗ (នេះបើតាមការជួបផ្ទាល់ពីក្រុម Reviewer មួយចំនួន ដែលទទួលបាន ស្មាតហ្វូននេះ តេស្តមុនគេ)។ ក្រោយទទួលបានព័ត៌មាន Samsung ក៏បានប្រមូល Galaxy Fold យកទៅវិញ ដើម្បីត្រួតពិនិត្យ មុនពេលចេញលក់ជាផ្លូវការ។

ក្នុងនោះ មានប្រិយមិត្តជាច្រើនដែលបានកក់ទុកនោះ បានលើកឡើងជាសំណួរថា តើ Galaxy Fold អាចនឹងត្រូវដោះស្រាយអោយល្អរួចរាល់ មុនថ្ងៃចេញលក់ នៅថ្ងៃទី 31 ក្នុងខែឧសភានេះ ដែរឬទេ?

ថ្មីៗនេះ ខាងក្រុមហ៊ុន Samsung នៅអាមេរិច បានបញ្ជាក់ដោយផ្ទាល់ និងច្បាស់ហើយថា សម្រាប់ស្មាតហ្វូន អេក្រង់បត់ Galaxy Fold ដែលអតិថិជនបាន Pre-Order នោះ បើសិនជាដល់ថ្ងៃទី 31 ក្នុងខែឧសភានេះ នៅមិនទាន់អាចដឹកជញ្ជូន ដើម្បីចេញលក់បានទេ អញ្ចឹងរាល់ការកក់ទុក នឹងត្រូវបានលុបចោល ដោយស្វ័យប្រវត្តិ តែម្តង។ ត្រង់ចំនុចនេះ អាចមានន័យថា បើដោះស្រាយបញ្ហាមិនទាន់រួចរាល់ ការចេញលក់ក៏នឹងត្រូវពន្យាពេល ផងដែរ។

 

សម្រាប់ពេលវេលាដែលខាង Samsung នឹងចេញលក់ស្មាតហ្វូនអេក្រង់បត់ Galaxy Fold ក្រោយពីមានការ Pre-order ពីសំណាក់អតិថិជននោះ គឺស្ថិតនៅក្នុងភាពមិនទាន់ ជាក់លាក់មួយ នៅឡើយទេ។ សរុបមក យើងទាំងអស់គ្នា មានតែរង់ចាំមើលបន្តទៀតថា គ្រប់យ៉ាងនឹងទៅជាយ៉ាងណា ហើយបើមានអ្វីបន្ថែម ពីចំនុចនេះ យើងនឹងអាប់ដេតបន្ត អោយប្រិយមិត្តបានដឹង។

ដកស្រង់ចេញពីCamborReport