បណ្តាញសង្គម

របាយការណ៍​ថ្មី​លេច​ធ្លាយ​ថា vivo Z5x នឹង​មាន​អេក្រង់ ប្រជ្រុយ ហើយ​ថ្ម​ទំហំ​ធំ​ដល់​ទៅ 5,000mAh ឯណោះ!

កាលពីរបាយការណ៍ លេចធ្លាយពីមុនៗមក ក៏បានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុនvivoកំពុងតែសិក្សាលើ ស្មាតហ្វូនត្រកូល Z ស៊េរីថ្មីមួយទៀត បន្ទាប់ពីស្មាតហ្វូនម៉ូឌែល vivo Z3x ត្រូវបានដាក់លក់ លើទីផ្សារក្នុងខែមេសា

នៃឆ្នាំ 2019 មុននេះ។ រហូតមកដល់ពេលនេះ ពត៌មានលេចធ្លាយថ្មីមួយ បានបង្ហើបឲ្យដឹងថា ស្មាតហ្វូនត្រកូល Z ស៊េរីថ្មីនោះ នឹងមានឈ្មោះថា vivo Z5x ហើយក៏ឃើញមាន ប្រើប្រាស់ការឌីហ្សាញបែប រន្ធប្រជ្រុយនៅផ្នែកកាមេរ៉ា Selfie ហើយថែមទាំងមាន ថាមពលថ្មធំដល់ទៅ 5,000mAh ឯណោះ។

ការឌីហ្សាញថ្មីគឺ ដូចបានដាក់បង្ហាញ នៅក្នុងរូបភាពខាងលើ ដោយស្មាតហ្វូនម៉ូឌែល vivo Z5x នឹងត្រូវបានខួងបន្ទះអេក្រង់ ដើម្បីដាក់នូវកាមេរ៉ាខាងមុខ សម្រាប់ធ្វើការថត Selfie ដូចមាននៅលើស្មាតហ្វូន Samsung Galaxy S10 អញ្ចឹងដែរ ដើម្បីអាចឲ្យទទួលបាន គែមអេក្រង់តិចបំផុត។ លើសពីនេះទៅទៀត របាយការណ៍លេចធ្លាយ ចេញពីប្រភពដដែល ក៏បានបញ្ជាក់ប្រាប់ថា ស្មាតហ្វូនត្រកូល Z ស៊េរីថ្មីមួយនេះ នឹងត្រូវបានផ្ទុកនូវ ថាមពលថ្មទំហំធំ គឺឡើងលើទៅចំនួន 5,000mAh ឯណោះ។ ជាអកុសល មានត្រឹមតែលក្ខណៈសម្បតិ្ត ទាំងពីរនេះប៉ុណ្ណោះ ដែលត្រូវបានលេចធ្លាយ សម្រាប់ស្មាតហ្វូនម៉ូឌែល vivo Z5x ក្នុងពេលបច្ចុប្បន្ននេះ។

 

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើយើងធ្វើការ ពិនិត្យមើលទៅលើ ស្មាតហ្វូនម៉ូឌែល vivo Z3x វិញនោះ គឺថាវាបានដំណើរការលើ បន្ទះឈីប Snapdragon 660 ជាមួយនឹងរ៉េមទំហំ 4GB + ទំហំផ្ទុកចំនួន 64GB ហើយមានអេក្រង់ទំហំ 6.26 អ៊ីញជាប្រភេទ LCD ដោយអាចបង្ហាញ គុណភាពបានកម្រិត Full HD+ និងមានថ្ងាស់ឆក។ ចំណែកឯផ្នែកកាមេរ៉ាមុខ គឺមានសេនស័រទំហំ 16MP f/2.0 សម្រាប់ធ្វើការថត Selfie ហើយនិងកាមេរ៉ាភ្លោះនៅខាងក្រោយ ដែលមានសេនស័រ កាមេរ៉ាដើមទំហំ 13MP + 2MP ជាសេនស័រជំនួយផងដែរ។

សរុបមក ពិតប្រាកដណាស់ បើយោងទៅតាម ពាក្យចចាមអារ៉ាម គឺត្រូវបានគេរំពឹងទុកថា ស្មាតហ្វូនម៉ូឌែល vivo Z5x នឹងអាចប្រហែលជាមាន កម្លាំងម៉ាស៊ីនខ្លាំងជាង ស្មាតហ្វូនម៉ូឌែល vivo Z3x ទៅទៀតឯណោះ ក៏ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្ននេះ ហាក់បីដូចជា នៅមិនទាន់មាន ពត៌មានលេចធ្លាយ ច្រើននៅឡើយទេ។

ដកស្រង់ចេញពីCamborReport