បណ្តាញសង្គម

Motorola Moto Z4 មិន​ទាន់​ដាក់​បង្ហាញ​ផ្លូវ​ការ​ផង មាន​មនុស្យ​មួយ​ចំនួន​អាច​រក​ទិញ​បាន​បាត់!

នាពេលថ្មីៗនេះ មានកំហុសខុសឆ្គងមួយ ចេញពីក្រុមហ៊ុន Amazon ដែលទាក់ទង់ទៅនឹង ការដាក់លក់ស្មាតហ្វូន Moto Z4 ទៅឲ្យអតិថិជនរបស់ខ្លួន ដោយក្រុមហ៊ុន Motorola មិនទាន់ទាំងបាន ធ្វើការប្រកាសចេញ

ជាផ្លូវការនៅឡើយ។ ខណៈពេលភ្លាមៗនោះ ក្រុមការងាររបស់ Amazon ក៏បានប្រទះឃើញថា នេះគឺជាការយល់ច្រឡំ ហើយបានបញ្ឈប់ ឲ្យធ្វើការជាវតទៅទៀត ប៉ុន្ដែទោះបីជាយ៉ាងណា មានមនុស្យមួយចំនួន បានធ្វើការបញ្ជាទិញ ស្មាតហ្វូនម៉ូឌែល Moto Z4 ជំនាន់ចុងក្រោយនោះ បានទាន់ពេលវេលា ហើយថែមទាំងត្រូវបាន ដឹកជញ្ជូនទៅដល់ គេហដ្ឋានស្រាប់តែម្ដង។

ប្រសិនបើយោងទៅតាម ការចុះបញ្ជីរបស់ក្រុមហ៊ុន Amazon គឺបានបង្ហាញឲ្យឃើញថា ស្មាតហ្វូនម៉ូឌែល Motorola Moto Z4 មានបំពាក់នូវអេក្រង់ទំហំ 6.4 អ៊ីញ ដែលអាចបង្ហាញ គុណភាពបានកម្រិត FHD+ (2340x1080) ហើយក៏ជាបន្ទះប្រភេទ OLED ជាមួយនឹងសេនស័រ ស្កេនម្រាមដៃ លើអេក្រង់ថែមទៀតផង។ ចំណែកឯបន្ទះឈីប មានបំពាក់នៅលើ Moto Z4 គឺជាឈីប Snapdragon 675 ដែលបានចេញមកក្រោយ បន្ទះឈីប Snapdragon 670 មាននៅក្នុង Google Pixel 3a។ ក្រៅពីនេះ យើងក៏ប្រទះឃើញមាន ប្រើប្រាស់នូវរ៉េមទំហំ 4GB ហើយនិងទំហំផ្ទុក 128GB ដែលដំណើរការលើ ថាមពលថ្មទំហំធំ 3,600mAh (កម្រិតសាកថ្ម 15W Fast Charging) ព្រមទាំងមាន រន្ធដាតកាសផងដែរ។

នាពេលបច្ចុប្បន្ននេះ ទំព័រដាក់លក់នៅលើ គេហទំព័រ Amazon ត្រូវបានដកចេញ រួចហើយ ប៉ុន្ដែជាសំណាងល្អ បើពឹងផ្អែកលើរូប Screenshot ដែលបានថតទាន់ មុនពេលដែលក្រុមហ៊ុន Amazon បានដកចេញពីបញ្ជី គឺបានបង្ហាញឲ្យឃើញថា ស្មាតហ្វូនម៉ូឌែល Motorola Moto Z4 នឹងដាក់លក់ក្នុងតម្លៃ $499.99 ដុល្លារអាមេរិក (តម្លៃនៅសហរដ្ឋអាមេរិក)។ លើសពីនេះទៅទៀត បុរសដ៏សំណាងម្នាក់ បានធ្វើការជាវទាន់ពេល ហើយថែមទាំងបាន បង្ហោះនូវ វីដេអូបើកប្រអប់ ដាក់ចូលក្នុងឆានែល YouTube របស់គាត់ផងដែរ។

***សូមទស្សនាវីដេអូខាងក្រោម ដែលជាការបើកប្រអប់ និងចំណាប់អារម្មណ៍ដំបូងអំពី Motorola Moto Z4៖


សរុបមក ស្មាតហ្វូនម៉ូឌែល Motorola Moto Z4 គឺមានតួខ្លួនជាអាលុយមីញ៉ូម និងបន្ទះអេក្រង់ប្រភេទ OLED ដ៏ស្រស់ស្អាត បូករួមទាំងថ្ងាស់ឆក ជាលក្ខណៈបែប ដំណក់ទឹកផងដែរ។ ដោយឡែកចំពោះអ្នកជាវ បានមុនមួយចំនួន បានបង្ហោះប្រាប់ថា សម្រាប់ខាងលើផ្នែក Software និងកម្មវិធីប្រើប្រាស់ គឺហាក់បីដូចជា មានជួបបញ្ហាច្រើន ដែលប្រហែលជា អាចបណ្ដាលមកពី ស្មាតហ្វូនទាំងអស់នោះ មិនមែនជាផលិតផល សម្រេចពិតនោះទេ ដោយគ្រាន់តែជា ស្មាតហ្វូនគម្រូៗ ទុកធ្វើតេស្តសាកល្បង មុននឹងចេញជាផ្លូវការ តែប៉ុណ្ណោះ។

ដកស្រង់ចេញពីCamborReport