បណ្តាញសង្គម

HongMeng OS ប្ដូរ​ឈ្មោះ​ទៅ​ជា Ark OS វិញ និង​ប្រហែល​ជា​អាច​ប្រើ​កម្មវិធី Android បាន​ទៀតផង!

កាលពីពេលដំបូងៗ បន្ទាប់ពី Google បានប្រកាសប្រាប់ថា ស្មាតហ្វូនជំនាន់ក្រោយៗ ផលិតដោយក្រុមហ៊ុន Huawei នឹងលែងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនតទៅទៀតហើយ បន្ទាប់ពីនោះ

ក៏មានរបាយការណ៍ លេចធ្លាយចុះផ្សាយថា HongMeng OS នឹងអាចត្រូវបង្ហាញខ្លួន ជំនួសវិញផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ មានរបាយការណ៍ថ្មីមួយទៀត ត្រូវបានប្រទះឃើញថា Huawei បានចុះឈ្មោះ ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដោយប្ដូរទៅជា Ark OS ដែលត្រូវបានរំពឹងទុកថា នឹងមិនចេញជាផ្លូវការ ក្នុងពេលឆាប់ៗនោះឡើយ ដោយប្រហែលជា អាចចេញចុងឆ្នាំ 2019 នេះឯណោះ។

Huawei ក៏បាននិយាយប្រាប់ថា ប្រព័ន្ធប្រតិបត្តិការ ថ្មីរបស់ខ្លួន គឺរួចរាល់តាំងពី ក្នុងខែមករា ឆ្នាំ 2018 ឯណោះ ក៏ប៉ុន្ដែដោយសារចង់ រក្សានូវទំនាក់ទំនងល្អ របស់ខ្លួនជាមួយ Google និងដៃគូសហការស្ថិតនៅក្នុង សហរដ្ឋអាមេរិក ផ្សេងៗទៀត ទើបមិនទាន់ចង់ប្រើរបស់ផ្ទាល់ខ្លួន។ ប្រសិនបើយោងទៅតាម ក្រុមសារពត៌មាន ប្រភពមកពីគេហទំព័រ WinFuture គឺបានបង្ហាញថា Ark OS (HongMeng OS) នឹងអាចដំណើរការ កម្មវិធីប្រភេទ APK របស់ប្រព័ន្ធប្រតិបត្តិការ Android ថែមទៀតផង។ ទោះយ៉ាងណា យើងនៅមិនទាន់ ប្រាកដច្បាស់នៅឡើយថា ប្រព័ន្ធប្រតិបត្តិការ Ark OS/HongMeng OS នឹងកសាងតាមទម្រង់ Android ដើមដដែលឬក៏អត់ ក៏ប៉ុន្ដែវាអាចទៅរួច ដោយសារតែ ប្រព័ន្ធប្រតិបត្តិការ Android គឺជាទម្រង់ប្រភេទ Open Source ដោយអាចដាក់ឲ្យប្រើបាន ដោយសេរីផងដែរ។ លើសពីនេះទៅទៀត យើងក៏ទទួលបានរូប Screenshot ចំនួនប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញថា ទម្រង់ទ្រង់ទ្រាយភាគច្រើន គឺនៅរក្សាលក្ខណៈដូចជា Android ដដែល ដោយព្រមទាំងមុខងារ មួយចំនួនតូចថែមទៀតផង។

មានរបាយការណ៍ថ្មីៗ បានចាប់ផ្ដើមលេចធ្លាយ ជាបណ្ដើរៗហើយ ដោយបានបញ្ជាក់ថា Huawei ពិតជាមាន ប្រព័ន្ធប្រតិបត្តិការ ផ្ទាល់ខ្លួនមែន ដែលផ្លាស់បាន ប្ដូរឈ្មោះថាពី HongMeng OS ទៅជា Ark OS វិញ ហើយបានត្រៀមខ្លួន ចេញជាផ្លូវការ នៅចុងឆ្នាំ 2019 ឬក៏អាចដើមនៅឆ្នាំ 2020 ខាងមុខ។

ដកស្រង់ចេញពីCamborReport