បណ្តាញសង្គម

Nokia 2.2 តម្លៃ​ត្រឹម $100 ដុល្លារ និង​អាច​អាប់ដេត​ទៅ Android Q បាន ចេញ​ផ្លូវ​ការ!

ថ្មីៗនេះ ក្រុមហ៊ុន HMD Global បានរៀបចំព្រឹត្ដិការណ៍ នៅក្នុងប្រទេសឥណ្ឌា ដើម្បីដាក់បង្ហាញនូវ ស្មាតហ្វូនម៉ូឌែល Nokia 2.2 ហើយក៏បានក្លាយជា ស្មាតហ្វូនដំណើរការដោយ Android One

ដែលមានតម្លៃសមរម្យបំផុត ថែមទៀតផង។ លើសពីនេះ ទៅទៀត ស្មាតហ្វូនម៉ូឌែល Nokia 2.2 ស៊េរីថ្មីមួយនេះ ក៏ត្រូវបានធានាថា នឹងអាចទទួលបាន កំណែអាប់ដេតទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Android Q នាពេលខាងមុខនេះ។

ស្មាតហ្វូនម៉ូឌែល Nokia 2.2 គឺត្រូវបានបំពាក់នូវ អេក្រង់ទំហំ 5.71 អ៊ីញ ដែលអាចបង្ហាញ គុណភាពបានកម្រិត HD+ (720x1520) ជាបន្ទះប្រភេទ LCD (293 dpi) ជាមួយអេក្រង់ថ្ងាស បែបដំណក់ទឹកធ្លាក់ និងមានពន្លឺភ្លឺ រហូតដល់កម្រិត 400 nits ផងដែរ។ សន្ទះខាងក្រោយ នៃស្មាតហ្វូនថ្មីនេះ គឺបានផលិតឡើងដោយ ប្លាស្ទិកប៉ូលីកាបូណាត ជាប្រភេទរលោង និងអាចដោះចេញបាន ដោយឡែកចំពោះ ផ្នែកចំហៀងខាងឆ្វេង យើងក៏ឃើញមាន ប៊ូតុងជំនួយការឌីជីថល Google Assistant ថែមទៀតផង។ ចំពោះកាមេរ៉ាខាងមុខ គឺត្រូវបានបំពាក់នូវ សេនស័រ កាមេរ៉ាទំហំ 13MP មួយគ្រាប់តែប៉ុណ្ណោះ ដោយផ្នែកខាងមុខ មានសេនស័រកាមេរ៉ាទំហំ 5MP ដែលស្ថិតនៅក្នុង ថ្ងាសឆកផងដែរ ។

ប្រសិនបើនិយាយអំពី កម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូនម៉ូឌែល Nokia 2.2 គឺបានប្រើប្រាស់ បន្ទះឈីប MediaTek Helio A22 SoC (Quad-Core) ដែលមានថាមពេលថ្មទំហំ 3,000mAh ហើយមានជម្រើសរ៉េមទំហំ 2GB + ទំហផ្ទុកចំនួន 16GB ឬក៏ជម្រើសរ៉េមទំហំ 3GB + 32GB សម្រាប់ចំនួនទំហំផ្ទុក។ ចំណែកឯផ្នែកសុវត្ថិភាព មិនមានកន្លែងសម្រាប់ ស្កេនស្នាមម្រាមដៃទេ តែស្មាតហ្វូនស៊េរីថ្មីនេះ ប្រើប្រាស់មុខងារស្កេនមុខ AI ជំនួសវិញតែម្ដង។

ស្មាតហ្វូនម៉ូឌែល Nokia 2.2 មានជម្រើសពណ៌ចំនួន 2 សម្រាប់ឲ្យជ្រើសរើស ដោយរួមមានដូចជា ពណ៌ខ្មៅ ហើយនិងពណ៌ប្រផេះ ដែលមានតម្លៃចាប់ពី $100 ដុល្លារអាមេរិក សម្រាប់រ៉េមទំហំ 2GB + ទំហំផ្ទុកចំនួន 16GB ដោយឡែកសម្រាប់ ជម្រើសរ៉េមទំហំ 3GB + ទំហំផ្ទុកចំនួន 32GB គឺមានតម្លៃត្រឹមតែ $115 ដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយនឹងចេញលក់ លើទីផ្សារប្រទេសឥណ្ឌា នៅក្នុងថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

ដកស្រង់ចេញពីCamborReport