បណ្តាញសង្គម

ឌី សូនីតា បង្ហាញ​ខ្លួន​សម្ដែង​រឿង​វិញ ជាមួយ​នឹង​ចចាមអារ៉ាម​ថា នាង​ស៊ី​ថ្លៃ​ខ្ពស់​ជាង​គេ

ក្រោយពីស្ងប់ស្ងាត់ការសម្ដែងមួយរយៈ តារាមានប្រជាប្រិយភាព តាមកម្មវិធីទូរទស្សន៍ និងលើបណ្ដាញសង្គម ឌី សូនីតា ត្រូវបានស្ថានីយទូរទស្សន៍លេខ៥ ឆក់មកដើរតួឯកក្នុងរឿងរបស់ខ្លួន បើទោះល្បីថា តារាស្រីរូបនេះ ជាតារាស៊ីថ្លៃឈ្នួលថ្លៃមិនធម្មតាក៏ដោយ។

ភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍ខាងលើ មានចំណងជើងថា "ភ្លើងគំនុំ" ដែលទើបធ្វើពិធីក្រុងពាលី ត្រៀមចេញថតកាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។ នៅពេលនោះ ប៉ុស្តិ៍លេខ ៥ ក៏បានបង្ហាញមុខតារាជាច្រើនដួងទៀត ដែលបានចូលរួមសម្ដែងក្នុងរឿងនេះ ពិសេសគឺពួកគេលេចមុខធ្វើជាតួឯកជុំគ្នាតែម្ដង។

ពួកគេទាំងនោះមាន កញ្ញា ឌី សូនីតា កញ្ញា ទឹម រដ្ឋា លោក ឆឹម សក្កដា និង លោក ដានី ជាតួឯកនៃខ្សែភាពយន្តខាងលើ។ និយាយពីកញ្ញា ឌី សូនីតា ដែលខកខានឃើញសម្ដែងភាពយន្តយូរក្រែលដែរហើយ នៅមុនការបង្ហាញមុខក្នុងខ្សែភាពយន្តខាងលើ ត្រូវបានអ្នកដឹកនាំម្នាក់បង្ហើបឱ្យដឹងថា ក៏ព្រោះតែតារាស្រីសិចស៊ី ឌី សូនីតា មានហាងឆេង ពោលគឺស៊ីថ្លៃឈ្នួលពលកម្មជាងតារាស្រីផ្សេងទៀត ទើបជាហេតុធ្វើឲ្យផលិតករនានា ពិបាកនឹងរកឱកាសធ្វើការជាមួយនាង។

តាមផលិតដដែល ថ្លៃពលកម្មរបស់ សូនីតា ក្នុងមួយរឿង នាងស៊ីថ្លៃប្រមាណជាក្បែរៗម៉ឺនដុល្លារឯណោះក្នុងមួយរឿង ខណៈតារាស្រីផ្សេងទៀត ស៊ីថ្លៃទាបជាងនេះ។ ទោះយ៉ាងនេះក្ដី អតីតតារាចម្រៀងផលិតកម្ម ហនុមាន បានហក់មកក្ដោបតំណែងតួឯកក្នុងខ្សែភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ខាងលើទាល់តែបាន ជាមួយនឹងតម្លៃខ្លួនមិនត្រូវបានគេបញ្ចេញឲ្យដឹងថា។ តំណាងខាងទូរទស្សន៍លេខ៥ ម្ចាស់ផលិតភាពយន្តខាងលើ សុំសិទ្ធិមិនអធិប្បាយលើរឿងនេះ ដោយសំអាងថា មិនចង់ឲ្យមានការប៉ះពាល់ដល់តារាស្រីផ្សេងទៀត ដែលសម្ដែងជាមួយ។

វិលមកកញ្ញា ឌី សូនីតា វិញ នៅបទសម្ភាសន៍ជាមួយសារព័ត៌មាន នាងបានបដិសេធចំពោះការឆ្លើយសំណួរខាងលើដូចគ្នា។ កញ្ញា សុំនិយាយតែរឿងឱកាសបានទទួលការងារជាមួយទូរទស្សន៍ក្នុងស្រុកខាងលើជាជំនួសវិញ ដោយក្នុងនោះ នាងបានអះអាងថា មិននឹកស្មានថា អាចទទួលការងារនេះឡើយ។

ដូច្នេះហើយ នាងសប្បាយចិត្ត ដោយបានរួមការងារជាមួយខាងទូរទស្សន៍ និងមិត្តរួមអាជីពផ្សេងទៀត។ នេះគឹជាចាប់ដៃគូសម្ដែងជាមួយគ្នាលើកដំបូងរវាង ឌី សូនីតា និងតួឯកប្រុសលោក ដានី។ ដូច្នេះហើយ នាងបញ្ជាក់ថា នឹងខំប្រឹងបញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីសម្ដែងស៊ីសង្វាក់គ្នាជាមួយតួឯករូបនេះ។

តាមផែនការ ភាពយន្តភាគរឿង ”ភ្លើងគំនុំ” នឹងដំណើរការចេញថតបន្ទាប់ពីពិធីក្រុងពាលីនេះតែម្ដង។ ភាពយន្តនេះ គ្រោងចំណាយពេលប្រមាណ៣ខែ និងគ្រោងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ នៅក្នុងម៉ោងមាស នាអំឡុងចុងឆ្នាំ ឬយូរបំផុតដើមឆ្នាំ២០២០៕

ដកស្រង់ពី៖ Sabay