បណ្តាញសង្គម

បទ​ថ្មី​របស់​បេ​ប៊ី នៅ​ថោ​ន «​ទាល់តែ​យូរ​ទើបបាន​ស្តាប់​»

រាជធានីភ្នំពេញ៖ ពិធីការិនីទូរទស្សន៍ម៉ាយ ធីវីកញ្ញាបេប៊ី បានក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មថោន តាំងពីអំឡុងមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយវាជាគោលដៅ ដែលនាងចង់បាន ហើយរំពឹងថាពិតជា មានការកក្រើកទីផ្សារ ។

ទោះបីជាយ៉ាងណាក្តី បទចម្រៀងផ្ទាល់ខ្លួនរបស់នាង មិនបានចេញទេតាំងពីពេលនោះមក ។ មុនពេលក្លាយជាតារាប្រចាំផលិតកម្មថោន បេប៊ី បានចំណាយដើមទុនផ្ទាល់ខ្លួន យកទៅផលិតបទចម្រៀង ដោយខ្លួនឯងដើម្បីឡើងឆាកច្រៀងរាំរហូតលេចធ្លោគួរឲ្យចាប់អារម្មណ៍ ។

ក្រោយមកនាងសម្រេច ចូលជាសមាជិកថ្មីនៅ ផលិតកម្មថោន ដោយយល់ថាងាយស្រួល ក្នុងការមានបទចម្រៀងចេញ ផ្សាយនៅផលិតកម្មត្រឹមត្រូវ ការងាររឹតតែមិនខ្វះ ដ្បិតថោនជាផលិតកម្មមួយលេចធ្លោ ។ ការមិនមានបទចម្រៀងរបស់បេប៊ី ចេញផ្សាយនេះ ធ្វើឱ្យអ្នកដែលរង់ចាំស្តាប់ បទចម្រៀងរបស់នាងខកចិត្ត ។

ខ្លះទៀតបានលើកឡើងថា មើលទៅថៅកែផលិតកម្មថោន ប្រហែលជាមិនយកចិត្តទុកដាក់លើបេប៊ី ទេ ។ កាលពីពេល ថ្មីៗកន្លងមកបេប៊ី ថា «ខ្ញុំគ្មានការព្រួយបារម្ភខ្លាចបាត់បង់ទីផ្សារចម្រៀង ដោយសារតែការចេញបទចម្រៀងរបស់ នាងខ្ញុំមានការយឺតយ៉ាវ នោះឡើយ ព្រោះថាពេលនេះ តាមដឹងថោន កំពុងតែសម្រិតសម្រាំង បទចម្រៀងសម្រាប់នាងខ្ញុំ គឺទាល់តែបទល្អបានឱ្យចេញ ព្រោះថៅកែថោន ខ្លាចនាងខ្ញុំចេញទៅបរាជ័យ ធ្លាក់ទឹក ទើបត្រូវតែប្រុងប្រយ័ត្ នក្នុងការដាក់បទចម្រៀង ឱ្យនាងខ្ញុំច្រៀង។

ថៅកែថោន គាត់ខ្លាចបទចម្រៀងខ្ញុំចេញទៅធ្លាក់ទឹក ខ្លាចបរាជ័យ អ៊ីចឹងគាត់សុខចិត្តឱ្យខ្ញុំចេញយឺតបន្តិចចុះ ឱ្យតែបទចម្រៀងនោះបានល្អ។ ពេលនេះខ្ញុំដឹងថា បទចម្រៀងខ្ញុំត្រូវបានផលិតកម្មកំពុងរៀបចំឱ្យហើយ ដែលបទចេញលើទីផ្សារដំបូងនេះអាចមានពី៤ទៅ៥បទ ហើយ ភាគច្រើនជាបទស្លូ៊វ ។

បទចម្រៀងទាំងនេះនឹងចេញនៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ ព្រោះក្រោយចេញជា Audio ហើយខ្ញុំក៏ថតជា MV ផងដែរ។ នៅពេលដែលបទចម្រៀងរបស់ខ្ញុំចេញហើយ ខ្ញុំនឹងយកបទទាំងនោះទៅច្រៀងគ្រប់ស្ថានីយទូរទស្សន៍ ប៉ុន្តែការរំពឹងយ៉ាងណានោះខ្ញុំមិនហ៊ានថាទេ គឺទុកឱ្យមហាជនជាអ្នកវាយតម្លៃទៅចុះ ។

ខ្ញុំដឹងថាការយឺតយ៉ាវចេញបទចម្រៀងកន្លងមក បងប្អូនប្រាកដជាឆ្ងល់ហើយ តែមិនអីទេប្រាកដជាមានបទចម្រៀងចេញក្នុងពេល ឆាប់ៗនេះហើយ ខ្ញុំក៏ត្រៀមថោន ក៏ត្រៀម អ៊ីចឹងបទចម្រៀងច្រើនដែលត្រូវចេញ»។ បេប៊ី បញ្ជាក់ថានាងមិនមែនទៅដណ្តើមកៅអី ឬប្រកួតប្រជែងគ្នាជាមួយតារានៅថោនទេ គឺមានតែរួមគ្នាធ្វើការបំពេញតួនាទីឲ្យល្អឲ្យក្រុមហ៊ុនរីកចម្រើនតទៅទៀត ដោយរាប់អានគ្នាដូចបងប្អូន ៕

ដកស្រង់ពី៖ កោះសន្ដិភាព