បណ្តាញសង្គម

ហ្វេន​ Note​ 9​ ចង់​បាន​មុខងារ​ Night​ Mode​ លើ​កាមេរ៉ា​ច្រើន​ពេក​ ពេល​នេះ ​Samsung​ ជូន​តាម​សំណើរ​

យើងបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញកំណែអាប់ដេត ចុងក្រោយមួយ ទៅអោយស្មាតហ្វូនរបស់ខ្លួន ម៉ូឌែល Galaxy S9 & S9+ ជាមួយមុខងារ Night Mode លើកម្មវិធីកាមេរ៉ា ដើម្បីអោយអតិថិជន

កាន់តែមានអារម្មណ៍រីករាយ សម្រាប់ការប្រើប្រាស់ បន្តទៀត។ ចំពោះមុខងារនេះដែរ វាគឺជាជំនួយការមួយ របស់កាមេរ៉ា ដែលមានតួនាទី សម្រាប់ចាប់បន្ថែមពន្លឺចូល នៅពេលថត ក្នុងប្លង់រាត្រី ឬប្លង់ Low Light ជាដើម ប៉ុន្តែកាលៈទេសៈខ្លះ មិនចាំបាច់រំខានវា ក៏បានដែរ។

អ្វីដែលកាន់តែពិសេសនោះ ដោយសារខ្លាចអតិថិជនមួយចំនួន លួចអង្គុយអន់ចិត្ត គឺថានៅក្នុងថ្មីៗនេះ Samsung បានធ្វើការដាក់ចេញ កំណែអាប់ដេតមុខងារ Night Mode លើកម្មវិធីកាមេរ៉ា សម្រាប់ស្មាតហ្វូន ជំនាន់មុនរបស់ខ្លួន មួយម៉ូឌែលទៀតហើយ នោះគឺ Galaxy Note 9។ ជាក់ស្តែង Firmware ថ្មីនេះ គឺបានធ្លាក់មកដល់ Galaxy Note 9 មានលេខសម្គាល់ N960FXXU3CSF9 នៅក្នុងប្រទេស អាល្លឺម៉ង់ រួចរាល់ហើយ នៅឡើយតាមបណ្តាប្រទេសមួយចំនួន ដែលកំពុងត្រៀមទទួលបាន ជាបន្តបន្ទាប់ រួមទាំងក្នុងប្រទេសយើងផ្ទាល់ អាចជានៅចុងខែនេះ តែម្តង។ សម្រាប់មុខងារល្អមួយនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ ជាម្ចាស់ Galaxy Note 9 ទាំងអស់ ទទួលបានរូបភាពមានពន្លឺជះចូលបន្ថែម សម្រាប់ការថត នៅក្នុងប្លង់ដែលមានពន្លឺតិច ឬនៅប្លង់ពេលយប់។

ជាចុងក្រោយ ចំពោះទំហំដែលបានធ្លាក់រួច ក្នុងកំណែអាប់ដេតទទួលបានមុខងារ Night Mode ហ្នឹង គឺមានទំហំ 704MB ដោយរួមបញ្ចួលគ្នា ទាំងការពង្រឹងលើផ្នែកកាមេរ៉ា និងផ្នែកប្រព័ន្ធសុវត្ថិភាព លើស្មាតហ្វូន Galaxy Note 9។ យ៉ាងណា ប្រិយមិត្តកំពុងកាន់ Note 9 ក្នុងស្រុកយើង អាចឧស្សាហ៍ពិនិត្យ លើឧបករណ៍របស់ខ្លួនបាន ក្រែងវាធ្លាក់មកដល់ ប៉ុន្តែបើអត់ទាន់ឃើញទេ ត្រូវរង់ចាំបន្តិចសិន។

ដកស្រង់ចេញពីCamborReport