បណ្តាញសង្គម

OPPO នឹង​បង្ហាញ​បច្ចេក​វិទ្យា​បង្កប់​កាម៉េរា​ក្រោម​អេក្រង់​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC Shanghai ចុង​ខែ​នេះ

យើងធ្លាប់បានដឹងដែរហើយថា កាលពីឆ្នាំមុន OPPO បានបង្ហាញពីបច្ចេកវិទ្យាកាម៉េរាហូតចេញពីតួខ្លួន ក៏ដូចជាបានបំពាក់វា នៅលើ OPPO Find X រួចហើយដែរ ហើយក្នុងឆ្នាំនេះ បច្ចេកវិទ្យាកាម៉េរាហូតចេញ ពីតួខ្លួននេះ ក៏នៅតែត្រូវបានបំពាក់នៅលើ ស្មាតហ្វូនកំពូលរបស់ OPPO ដដែល តែខុសត្រង់ម្តងនេះ វាងើបចេញពីតួខ្លួន បែបបញ្ឆិតវិញ។ ជាក់ស្ដែងវាមានវត្តមាន នៅលើ OPPO Reno តែម្តង។ កាលពីពេលថ្មីៗនេះ OPPO ក៏បានបង្ហាញវីដេអូមួយនិយាយពី បច្ចេកវិទ្យាកាម៉េរា Selfie ថ្មី ដែលវានឹងត្រូវបង្កប់ នៅក្រោមអេក្រង់តែម្តង។ លើសពីនេះទៅទៀត ក្នុងថ្ងៃនេះដែរ OPPO ក៏បានប្រកាសពីថ្ងៃ ដែលត្រូវបង្ហាញពីបច្ចេកវិទ្យានេះ ជាផ្លូវការហើយ គឺវានឹងត្រូវបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC Shanghai នៅទីក្រុងសៀងហៃប្រទេសចិនផ្ទាល់ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ២៦ ដល់ ២៩ ក្នុងខែមិថុនានេះឯង ។

មិនមែនមានតែ OPPO មួយទេ ដែលកំពុងសិក្សាពីបច្ចេកវិទ្យានេះ ជាក់ស្ដែងគឺក្រុមហ៊ុន Xiaomi ក៏កំពុងញាប់ដៃ ញាប់ជើងខ្លាំងណាស់ដែរ ប៉ុន្តែបើមើលតាមជាក់ស្តែង ពេលនេះប្រហែលមានតែ OPPO ទេ ដែលអាចនឹងទទួលបាន កំណត់ត្រាថ្មីដំបូងគេ ពីការដាក់បង្ហាញបច្ចេកវិទ្យា កាម៉េរាបង្កប់ក្រោម អេក្រង់មួយនេះ ។

សរុបមក OPPO នឹងប្រកាសបច្ចេកវិទ្យាកាម៉េរាបង្កប់ក្រោមអេក្រង់ នៅក្នុងព្រឹត្តិការណ៍ MWC Shanghai ដែលនឹងធ្វើឡើង នៅចុងខែនេះតែម្តង ហើយក៏ជាពេល ដែលធ្វើអោយយើង ដឹងពីវាកាន់តែច្បាស់ថែមទៀត។ អ្វីដែលរឹតតែពិសេសនេះ វាក៏នឹងធ្វើឲ្យហ្វេនរបស់ OPPO ទាំងអស់ កាន់តែសប្បាយចិត្ត ថែមមួយកម្រិតទៀត។ ដូច្នេះហើយ តើអ្នកគិតយ៉ាងណាដែរ ទៅលើបច្ចេកវិទ្យាកាម៉េរាថ្មីនេះ?

ដកស្រង់ចេញពិCamborReport