បណ្តាញសង្គម

បន្ទះ​ឈីប AMD Ryzen 9 3950X ជា​ស៊ីភីយូ Gaming មាន 16-Core ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក

នាពេលថ្មីៗនេះ AMD បានប្រកាសចេញ បន្ទះឈីបជំនាន់ចុងក្រោយ ដែលត្រូវបានហៅថា Ryzen 9 3950X ហើយក៏មានផ្ទុកនូវ ស៊ីភីយូដល់ទៅចំនួន 16-Core បូករួមទាំង 32-Threads ជាប្រភេទ Gaming ដំបូងគេបង្អស់ លើពិភពលោក

និងមានគម្រោងដាក់លក់ ទៅលើទីផ្សារ នៅខែកញ្ញា ឆ្នាំ 2019 ក្នុងតម្លៃ $749 ដុល្លារអាមេរិក។ លើសពីនេះទៅទៀត លោកស្រីនាយកប្រតិបត្តិ AMD ក៏បាននិយាយថា បន្ទះឈីបថ្មីមួយនេះ នឹងទទួលបានល្បឿន ឡើងដល់ទៅកម្រិត 4.7Ghz និងទំហំផ្ទុក Cache មានចំនួន 72MB ថែមទៀតផង។ 

ទោះបីជាលើកនេះ បន្ទះឈីប Ryzen 9 3950X ទទួលបានស៊ីភីយូចំនួន 16-Core យ៉ាងណាក៏ដោយ ប៉ុន្ដែក្រុមការងាររបស់ AMD នៅតែអាចធ្វើការ រក្សាបានថាមពល ឲ្យស្ថិតនៅត្រឹមកម្រិត 105W ដូចគ្នាទៅនឹងស៊ីភីយូ 12-Core Ryzen 9 3900X ដែលបានដាក់បង្ហាញ កាលពីខែមុន នៅឯព្រឹតិ្ដការណ៍ Computex អញ្ចឹងដែរ។ បើយោងទៅតាម លក្ខណៈសម្បត្តិ គឺបានបង្ហាញឲ្យឃើញថា បន្ទះឈីប Ryzen 9 3950X មានទំហំត្រឹមតែ 7mm ដែលត្រូវបានកសាងឡើង ដោយបច្ចេកវិទ្យា Zen 2 ជំនាន់ចុងក្រោយរបស់ AMD ហើយអ្នកប្រើប្រាស់ ក៏អាចធ្វើការ Overclock បានដល់ល្បឿនត្រឹម 5 GHz ឯណោះ។ ពិតប្រាកដណាស់ តាំងតែពីដំបូងមក ចំពោះចំនួនស៊ីភីយូ Core ច្រើនយ៉ាងណាក្ដី ក៏មិនតែងតែប្រាកដថា នឹងអាចទទួលបាន លទ្ធផលល្អខ្លាំង នៅពេលយកមក ប្រើប្រាស់ជាក់ស្តែងនោះឡើយ ក៏ប៉ុន្ដែលើកនេះគឺជា ជោគជ័យមួយសម្រាប់ AMD ដែលអាចបង្កើត បន្ទះឈីបចំនួន 16-Core និងមានទំហំត្រឹម 7mm បានមុន Intel ទៅទៀត។

***សូមទស្សនាវីដេអូខាងក្រោម ដែលជាការដាក់បង្ហាញ បន្ទះឈីបជំនាន់ចុងក្រោយពី AMD៖


ពីមួយឆ្នាំទៅមួយឆ្នាំ AMD នៅតែព្យាយាមយកឈ្នះ Intel ដោយធ្វើការផ្ដល់ជូន បន្ទះឈីបជំនាន់ថ្មីៗ ដែលមានប្រសិទ្ធភាពខ្លាំង និងរក្សាតម្លៃសមរម្យ ហើយចំពោះការដាក់បង្ហាញ បន្ទះឈីបស៊េរីថ្មីៗ ប៉ុន្មានខែចុងក្រោយនេះ គឺពិតជាបានធ្វើឲ្យ មនុស្យមួយចំនួន ចង់ជាវផលិតផលពី AMD វិញ ថែមទៀតផង។

ដកស្រង់ចេញពីCamborReport