បណ្តាញសង្គម

Avengers: Endgame នឹងចាក់ផ្សាយម្ដងទៀតថែមឈុតថ្មី ដើម្បីឈ្នះ Avatar ឲ្យបាន

ផលិតកម្ម Marvel Studios នឹងធ្វើការចាក់ បញ្ចាំងខ្សែភាពយន្ត Avengers: Endgame ម្ដងទៀតនៅចុងសប្ដាហ៍ក្រោយ ដោយបន្ថែមនូវឈុតឆាកខ្លះៗ ដែលបានលុបចោល ក្នុងគោលបំណង រកចំណូលបន្ថែមដើម្បី ឈ្នះខ្សែភាពយន្ត Avatar។

ប្រធានផលិតកម្ម លោក Kevin Feige បានពណ៌នាពីឈុតឆាកបន្ថែមនេះថា "មានប្លង់ថ្មីមួយចំនួននៅចុងបញ្ចប់នៃខ្សែភាពយន្ត”។ គួរដឹងថា Endgame អាចរកចំណូលបាន ២ ៧៤៣ លានដុល្លារ ទូទាំងពិភពលោក គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ឈរតំណែងលេខពីរជាខ្សែភាពយន្តរកចំណូលបានច្រើនជាងគេ។

Avatar ខ្សែភាពយន្តវិទ្យាសាស្ត្រដែលចេញផ្សាយកាលពីឆ្នាំ ២០០៩ ឈរនៅតំណែងលេខមួយជាមួយចំណូលសរុប ២ ៧៨៨ លានដុល្លារ។ ដូចនេះនៅខ្វះប្រមាណជាង ៤០ លានដុល្លារទៀត Endgame នឹងអាចទម្លាក់ Avatar ពីតំណែងកំពូលបាន។ ត្បិតថា Endgame អាចបំបែកកំណត់ត្រាបានច្រើនពេលចេញផ្សាយដំបូងៗ ដោយអាចរកចំណូលបានច្រើនសន្ធឹក។

ប៉ុន្តែបន្តបន្ទាប់មកសន្ទុះកំណើននៃចំណូល បានចុះខ្សោយទៅៗ។ នេះជាមូលហេតុនាំឲ្យមានការបន្ថែមប្លង់ថ្មី ដើម្បីទាក់ទាញទស្សនិកជន និងបានគ្រងតំណែងកំពូល៕

ដកស្រង់ពី៖ Sabay