បណ្តាញសង្គម

Huawei បញ្ចេញ MediaPad M6 ជា​ផ្លូវ​ការ ប្រើ​ឈីប Kirin 980 និង​មាន​ទំហំ​អេក្រង់ 2 ជម្រើស

កាលពីម្សិលមិញ យើងបានចុះផ្សាយរួចមកហើយ អំពីលក្ខណៈសម្បត្តិខ្សែស្រឡាយ Nova 5 ដែលជាស្មាតហ្វូនជំនាន់ទី 5 ស្ថិតក្នុងត្រកូល Nova របស់ ក្រុមហ៊ុន Huawei ដែលត្រូវបានប្រកាស ចេញជាផ្លូវការ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចិនមួយនេះ ក៏បានបញ្ចេញ ថេប្លេត

ជំនាន់ចុងក្រោយ របស់ខ្លួនមកជាមួយដែរ នោះគឺ MediaPad M6។ ហើយចំពោះ MediaPad M6 នេះ Huawei កាន់តែអភិវឌ្ឍន៍វា អោយមានភាព ទាន់សម័យ ជាងមុន និងជាពិសេសគឺទំហំ អេក្រង់តែម្ដង។

ពិតណាស់ MediaPad M6 បានចេញរូបរាង និងលក្ខណៈសម្បត្តិ ខាងក្នុងជាផ្លូវការហើយ នៅក្នុងព្រឹត្តិការណ៍ MWC Shanghai កាលពីថ្ងៃទី 21 មិថុនា ម្សិលមិញនេះ ដោយក្រុមហ៊ុន បានបែកចែក វាចេញជា 2 ម៉ូឌែល គឺទំហំអេក្រង់ 8.4 អ៊ីញ និង 10.8 អ៊ីញ។ រីឯលក្ខណៈពិសេសវិញ គឺវានៅតែបន្តប្រើប្រាស់ បាសបំពងសម្លេងរបស់ Harman Kardon ដដែល ជារន្ធបំពងសម្លេង ដែលបញ្ចេញសំលេងបានធ្ងន់ល្អ និងល្អពិរោះទៀតផង។

ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ MediaPad M6៖

 

• អេក្រង់មានកម្រិតបង្ហាញរូបភាព 2560 x 1600 ភិចស៊ែល ជាប្រភេទអេក្រង់ LCD

• ប្រើប្រាស់បន្ទះឈីប Kirin 980 SoC ទំហំ 7nm

• រ៉េមទំហំ 4GB 

• ទំហំផ្ទុកក្នុងម៉ាស៊ីន 64GB/128GB និងអាចបន្ថែមមេម៉ូរីខាងក្រៅបាន

• ដំណើរការដោយ Android Pie 9.0 ស្រោបដោយ EMUI 9.1

• ប្រើប្រាស់ រន្ធសាកថ្មប្រភេទ USB-C និងមានរន្ធដោតកាស 3.5mm ផងដែរ 

• និងមានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចស៊ែល និងខាងមុខ 8 មេហ្គភិចស៊ែល ដូចទៅនឹង ជំនាន់មុនដែរ

 

លើសពីនេះទៅទៀត Huawei ក៏បានបន្ថែមនូវ Keyboard ថ្មីមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការសរសេរអត្ថបទផ្សេងៗ និងអាចធ្វើជាជើងទម្រថេប្លេត ក៏បានផងដែរ។

សរុបមកវិញ ថេប្លេតទាំងពីរនេះ មានលក្ខណៈសម្បត្តិ និងរចនាបថ ដូចគ្នាស្ទើរតែទាំងស្រុង ខុសគ្នាតែ ទំហំថ្ម និងទំហំអេក្រង់ប៉ុណ្ណោះ ដោយម៉ូឌែល អេក្រង់ 8.4 អ៊ីញ មានថ្មទំហំ 6100mAh និង អេក្រង់ 10.8 អ៊ីញ មានទំហំថ្ម 7500mAh។ សម្រាប់ MediaPad M6 មានអេក្រង់ 10.8 អ៊ីញ បានដាក់អោយធ្វើការកុម្ម៉ង់ទិញ ចាប់ពីថ្ងៃនេះតទៅ និងដាក់លក់លើទីផ្សារ នៅថ្ងៃទី 10 កក្កដា ខាងមុខនេះ ជាមួយតម្លៃ 335 ដុល្លារ លើម៉ូឌែល Wi-Fi មាន រ៉េម 4GB និង ទំហំផ្ទុកក្នុងម៉ាស៊ីន 64GB។  ចំពោះម៉ូឌែល អាចប្រើប្រាស់ ស៊ីមបាន គឺមានតម្លៃ 510 ដុល្លារ ជាមួយទំហំ រ៉េម 4GB និង ទំហំផ្ទុកក្នុងម៉ាស៊ីន 128GB ផងដែរ។ ចំណែកឯ MediaPad M6 ទំហំ 8.4 អ៊ីញវិញ នឹងដាក់អោយធ្វើការបញ្ជាទិញ នៅថ្ងៃទី 7 ខែកក្កដា និងដាក់លក់ជាផ្លូវការ ចាប់ផ្តើមនៅថ្ងៃទី 20 ខែកក្កដាខាងមុខ។ សម្រាប់តម្លៃ ក្រុមហ៊ុនដាក់លក់វា ចាប់ផ្តើមពីតម្លៃ 290 ដុល្លារ សម្រាប់ម៉ូឌែល Wi-Fi រ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB និងតម្លៃ 392 ដុល្លារ លើម៉ូឌែល អាចប្រើប្រាស់ ស៊ីមបាន ដែលមានទំហំ រ៉េម 4GB អង្គផ្ទុកទិន្នន័យ 128GB។

ដកស្រង់ចេញពីCamborReport