បណ្តាញសង្គម

ខាត់ សុឃីម៖ មានកម្លាំងត្រូវប្រឹងចាប់ឱកាស កុំខ្ជះខ្ជាយពេលវេលា​ឲ្យ​កន្លង​ទៅ​​ឥត​ប្រយោជន៍ឲ្យសោះ

ប្រិយមិត្តភាគច្រើនប្រាកដ ជាបានដឹងហើយថា តារាពហុជំនាញ ពូកែវោហារសព្វ លោកនាងខាត់ សុឃីម បានប្រឡូកក្នុងវិស័យសិល្បៈ និងបានប្រឹងប្រែង កសាងប្រជាប្រិយភាពតាំងពីវ័យក្មេង តាមរយៈតន្ត្រីបុរាណខ្មែរ។

គ្រួសាររបស់លោកស្រីទាំងមូល ដែលមានដុង និងឈាមជ័រជាអ្នកសិល្បៈដូចៗគ្នា ត្រូវបានលោកស្រីជួយត្រួតត្រាយផ្លូវឲ្យចូលក្នុងវិស័យសិល្បៈ ដោយជោគជ័យ និងអាចចេញរកលុយតាំងតែពីតូចៗ។ មានបងប្អូន ៩នាក់ លោកស្រីគឺជាកូនច្បងក្នុងគ្រួសារដែលមានជីវភាពក្រីក្រលំបាក ត្រូវបានលោកឪពុក និងលោកតាលោកយាយបង្ហាត់បង្រៀន ភ្លេងបុរាណតាំងពីក្មេង។

ត្បិតមានជីវភាពលំបាកមែនពិត តែគ្រួសារមួយនេះរស់នៅជាមួយគ្នាយ៉ាងកក់ក្តៅ និងពុះពារតស៊ូជាមួយគ្នារហូតដល់វង់ភ្លេងបុរាណខ្មែរមានការគាំទ្រពីមហាជនដូចបច្ចុប្បន្ន។ ក្នុងអាជីពជាង ៣០ឆ្នាំំមកនេះ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលពូកែរ ពុះពារព្យាយាមខ្លាំង មិនចេះនៅស្ងៀម និងរវល់គ្រប់ផ្លូវ ដោយស្រីតែងប្រកាន់ភ្ជាប់នូវវិន័យផ្ទាល់ខ្លួនមួយ គឺមិនខ្ជះខ្ជាយពេលវេលា ដោយឲ្យកន្លងផុតទៅដោយឥតប្រយោជន៍នោះទេ។

លោកស្រីថា មនុស្សយើងម្នាក់ៗ មានពេលវេលាមិនច្រើនទេ ដូច្នេះហើយ បើឱកាសហុចឲ្យហើយ កម្លាំងនៅមាន អ្វីដែលអាចធ្វើបាន គឺត្រូវធ្វើដោយមិនស្ទាក់ស្ទើរឡើយ។ ក្រៅពីពូកែប្រឹងរកលុយមិនឈប់ឈរហើយនោះ លោកស្រី ខាត់ សុឃីម ក៏មិនមែនជាអ្នកចូលចិត្តចាយវាយផ្ដេសផ្ដាសនោះដែរ ជាក់ស្តែងរាល់ថ្ងៃលោកស្រីក៏មិនសូវមានពេលជួបជុំផឹកស៊ី ដើរលេងអីទេ ម្យ៉ាងលោស្រីក៏មិនសូវចូលចិត្តទម្លាប់នេះដែរ។

ដូច្នេះហើយ ទើបបច្ចុប្បន្នកូនច្បងត្រកូល ខាត់ រូបនេះ មានទ្រព្យរឹងមាំជាច្រើនក្នុងដៃ ដូចជា សម្អាងការខាត់ សុឃីម និងផ្ទះជួល។ ទោះទទួលបានជោគជ័យរឹងមាំក្នុងជីវិតសិល្បៈ និងជំនួញ តែលោកស្រីនៅស្រលាញ់ និងបន្តអាជីពក្នុងវង់ភ្លេងខ្មែរបុរាណ ព្រោះថាសិល្បៈបុរាណខ្មែរនេះហើយបានធ្វើឲ្យលោកស្រីសាងកេរ្តិ៍ឈ្មោះ និងលើកស្ទួយជីវភាពគ្រួសាររហូតមកដល់សព្វថ្ងៃ ហើយលោកស្រីក៏មិនដែលមានចិត្តចង់កែប្រែការស្រលាញ់ និងផ្លាស់ប្តូរអ្វីដែលជាទម្រង់របស់ខ្មែរនោះដែរ ៕

ដកស្រង់ពី៖ Sabay