បណ្តាញសង្គម

ចេញ​ផ្លូវ​ការ​ហើយ Lenovo Z6 ជាមួយ​អេក្រង់​កម្រិត 120Hz និង​មាន​តម្លៃ​ត្រឹម $276 នៅ​លើ​ទីផ្សារ​ចិន!

បន្ទាប់ពីមានការលេចធ្លាយ លក្ខណៈសម្បត្តិស្ទើរតែទាំងអស់ នៃស្មាតហ្វូនម៉ូឌែល Lenovo Z6 ចាប់តាំងពីរយៈពេល 1 ខែមុនមកម្ល៉េះ ដោយនៅទីបំផុតវាបាន ធ្វើការប្រកាសចេញ ជាផ្លូវការហើយ។ ស្មាតហ្វូនម៉ូឌែល Lenovo Z6 គឺបានភ្ជាប់មកជាមួយ អេក្រង់ទំហំធំលាតពេញ,

បន្ទះឈីបកម្លាំងខ្លាំង 8nm, ថាមពលថ្មទំហំដ៏ធំ, កាមេរ៉ាខាងក្រោយ 3 គ្រាប់ និងមានតម្លៃត្រឹមចាប់ពី $276 ដុល្លារអាមេរិក ឡើងទៅតែប៉ុណ្ណោះ។

ចំពោះផ្នែកកញ្ចក់អេក្រង់ Lenovo Z6 គឺបំពាក់ដោយលក្ខណៈ 3D Glass និងមានស៊ុមអាលុយមីញ៉ូម (ស៊េរី 6000) ហើយដូចជាម៉ូឌែល Lenovo Z6 Pro ដែលប្រកាសចេញ កាលពីដើមឆ្នាំអញ្ចឹងដែរ ដោយមានអេក្រង់ប្រភេទ OLED ទំហំធំ 6.39 អ៊ីញ ជាមួយនឹងថ្ងាសឆក បែបដំណក់ទឹកធ្លាក់ អាចបង្ហាញគុណភាពបាន Full HD+ (1080x2340p) ហើយថែមទាំងគាំទ្រ ដោយកម្រិតពន្លឺដល់ទៅ 600nits ឯណោះ។ លើសពីនេះទៅទៀត អេក្រង់របស់ស្មាតហ្វូននេះ គឺបានផ្ដល់ជូននូវ សមាមាត្រកម្រិតខ្ពស់ 19.5:9 ratio ដែលលាតលើផ្ទៃអេក្រង់ 93.1% ហើយមានសមត្ថភាព ដំណើរការរូបភាព HDR10+ និងទទួលបាន Refresh Rate ដល់ទៅកម្រិត 120Hz ថែមទៀតផង។

បន្ទះឈីបកម្រិតមធ្យម Snapdragon 730 គឺត្រូវបានបំពាក់នៅលើ ស្មាតហ្វូនម៉ូឌែល Lenovo Z6 ជាមួយនឹងជម្រើសរ៉េមទំហំ 6GB/8GB និងទំហំផ្ទុកចំនួន 64GB/128GB ហើយព្រមទាំងអាច បន្ថែមកាតមេម៉ូរី MicroSD Card ខាងក្រៅទៀត ក៏បានដែរ។ ផ្នែកសេនស័រកាមេរ៉ាវិញនោះ យើងបានឃើញថា ចំពោះកាមេរ៉ាខាងក្រោយ គឺមានចំនួនសរុប 3 គ្រាប់ (24MP + 8MP + 5MP) និងសេនស័រកាមេរ៉ាទំហំ 16MP សម្រាប់ធ្វើការថត Selfie ផងដែរ។ ក្រៅពីនេះទៅទៀត ថាមពលថ្មមានទំហំធំ 4,000mAh អាចសាកល្បឿនលឿនបាន 15W (Fast Charging) ដោយប្រើរន្ធដោតប្រភេទ USB Type-C តែម្ដង។

ចំណែកឯតារាងតម្លៃ នៃស្មាតហ្វូនម៉ូឌែល Lenovo Z6 គឺសម្រាប់ជម្រើសរ៉េម 6GB + ទំហំផ្ទុក 64GB មានតម្លៃត្រឹមតែ $276 ដុល្លារអាមេរិក ហើយរីឯជម្រើសរ៉េម 6GB + ទំហំផ្ទុក 128GB មានតម្លៃត្រឹម $305 ដុល្លារអាមេរិក និងជម្រើសខ្ពស់បំផុត ដែលមានទំហំរ៉េម 8GB + ទំហំផ្ទុក 128GB មានតម្លៃខ្ពស់ត្រឹម $363 ដុល្លារអាមេរិក។ នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនម៉ូឌែល Lenovo Z6 បានត្រៀមចេញលក់ ក្នុងពេលឆាប់ៗនេះ នៅទីផ្សារប្រទេសចិន ដោយសម្រាប់ទីផ្សារផ្សេងៗ អាចនឹងត្រូវរង់ចាំ ប៉ុន្មានសប្ដាហ៍ទៀតផងដែរ ហើយតម្លៃខាងលើ ក៏នឹងប្រែប្រួលតាមទីផ្សារផ្សេងៗគ្នាដែរ។

ដកស្រង់ចេញពីCamborReport