បណ្តាញសង្គម

ស្រី​ស្អាត ឌី លី​កា ប្រាប់​មូលហេតុ​បាត់​មុខ​មួយ​រយៈ​ក្រោយ​ប្រឡង​បវរកញ្ញា

រាជធានីភ្នំពេញ ៖ កញ្ញាឯង Miss Grand Cambodia 2018 ឌី លីកា បានស្រូបភាពទាក់ទាញច្រើន អំឡុងពេលប្រឡងលើឆាកអន្តរជាតិ រហូតប្រជាជនខ្មែរនាំគ្នា ផ្ញើសាបោះឆ្នោតត្រង់ឈុត សម្លៀកបំពាក់ប្រពៃណីខ្មែរ។

ក្រោយបញ្ចប់ការប្រឡង នាងស្រាប់តែបាត់មុខលើសិល្បៈដោយធ្វើឱ្យអ្នកតាមដានងឿងឆ្ងល់ ហើយនាំគ្នាស្តាយ ប្រសិនបើនាងបោះបង់ឱកាសច្បាមសិល្បៈ។ ផ្ទុយពីបវរកញ្ញាមួយចំនួនដែលប្រឡងកម្មវិធីលំដាប់ប្រ៊េនៗ ហើយម្នាក់ៗសម្បូរទីផ្សារការងារសិល្បៈលេចធ្លោមានការងារបង្កើនប្រាក់ចំណូលជាបន្តបន្ទាប់ដូចជា បវរកញ្ញា រឿន ណាត បវរកញ្ញាខ្លឹម ស្រីគា ជាដើម។

ចំណែកស្រីស្អាតមុខស្រទន់ ឌី លីកាវិញ ស្រាប់តែអាក់ខានបាត់វត្តមានក្នុងការបង្ហាញស្នាដៃដូចបណ្តាស្រីស្អាតផ្សេងទៀត នាំឱ្យងឿងឆ្ងល់យ៉ាងខ្លាំង។ ក្នុងជំនួបចៃដន្យមួយក្នុងពិធីសម្ពោធរឿង «ព្រលឹង» ឌី លីកា បានឱ្យដឹងថា «នាងមិនបានបោះបង់សិល្បៈចោលនោះទេ គឺស្រឡាញ់ ហើយព្យាយាមតាំងពីសម័យចូលប្រឡងបវរកញ្ញាវគ្គដំបូង មិនអាចទាត់ចោលឡើយ។

ឌី លីកា ដែលរៀនត្រឹមថ្នាក់ទី១២ នាខេត្តកំពង់ចាមរូបនេះបន្តថា នាងមិនសូវចេញមុខក្រោយប្រឡងមកពីច្រើនខែមកនេះ គឺនាងសម្ងំថតរឿងភាគខ្នាតធំមួយជូនស្ថានីយទូរទស្សន៍បាយ័នច្រើនថ្ងៃរាប់ខែ ទើបបានជាស្ងាត់វត្តមាននាងរហូតគេថា នាងបោះបង់»។

ម្យ៉ាងទៀតនាងមិនសូវជាបានផុសរូបការងារថ្មីៗឱ្យគេដឹង ទើបកាន់តែមានគេសួរនាំ។ សព្វថ្ងៃនេះ នាងបានទទួលថតស្បតឱ្យផលិតផលផ្សេងៗ និងឆាប់ៗនេះត្រៀមថតប្រូម៉ូដសំអាងការមួយចំនួន។ នាងសង្ឃឹមថា បងប្អូនពិតជាជ្រាបនូវអ្វីដែលនាងបានបកស្រាយហើយសូមជួយគាំទ្រស្នាដៃសិល្បៈរបស់នាងផង។

ដកស្រង់ពី៖កោះសន្តិភាព