បណ្តាញសង្គម

(អាប់​ដេត​) ៖​ Xiaomi​ Mi​ A3​ ត្រូវ​បាន​គេ​ចាប់​កាន់​ផ្ទាល់​ដៃ​ និង​បង្ហាញ​លក្ខណៈ​សម្បត្តិ​កាន់​តែ​ច្បាស់​ដែល​អ្នក​គួរ​ដឹង​

កាលពីចុងសប្តាហ៍កន្លងទៅនេះ យើងបានចុះផ្សាយដំណឹងមួយ បង្ហាញពីការបង្ហាញរូបរាង និងលក្ខណៈសម្បត្តិមួយ លើស្មាតហ្វូន Android One ជំនាន់ទី 3 ថ្មី របស់ក្រុមហ៊ុន Xiaomi ម៉ូឌែល Mi A3 ជាមួយការបង្ហាញរូបរាងគម្រូ ពេញមួយតួខ្លួន តែម្តង។ មិនតែប៉ុណ្ណោះ

ក៏មានប្រភពលេចធ្លាយ បានបង្ហើបចេញពីលក្ខណៈសម្បត្តិ មួយចំនួន ពាក់ព័ន្ធជាមួយស្មាតហ្វូននេះ ផងដែរ គ្រាន់តែយើងមិនទាន់អាចជឿជាក់ បានទាំងស្រុង នៅឡើយទេ ប៉ុន្តែអាចចំណាំទុកសិន។

យ៉ាងណា សម្រាប់នៅថ្ងៃនេះដែរ យើងក៏ទទួលបាន ព័ត៌មានថ្មីមួយទៀត ពីប្រភពមួយ នៅក្នុងប្រទេសចិន ដែលបង្ហាញរូបភាពស្មាតហ្វូន ម៉ូឌែល Mi A3 របស់ Xiaomi ជាមួយការថតចាប់កាន់ដោយផ្ទាល់ តែម្តង។ យោងទៅតាមរូបភាព ទាំងប៉ុន្មានសន្លឹកនេះ យើងអាចជឿជាក់បាន កាន់តែច្រើនជាងមុនថា Mi A3 ពិតជាមានអេក្រង់លាត អុជដោយម៉ូតឆកតំណក់ទឹក ពិតមែន ខណៈដែលសិស្សច្បង Mi A2 មានអេក្រង់លាតធម្មតា និង Mi A2 Lite ពាក់ថ្ងាសឆកទ្រវែង។ចំណែក នៅផ្នែកខាងក្រោយវិញ គឺឃើញថា វាមានលេនកាមេរ៉ា 3 គ្រាប់ ដូចព័ត៌មានបែកធ្លាយ កន្លងមក អញ្ចឹងមែន។ បន្ថែមពីនេះ នៅក្នុងរូបភាពនោះ ក៏មានបង្ហាញពីលក្ខណៈសម្បត្តិខ្លះៗ ផងដែរ ដោយអេក្រង់របស់វា មានទំហំ 6.08 អ៊ីញ ជាប្រភេទ AMOLED អាចស្កេនម្រាមដៃ លើអេក្រង់បាន, មានថាមពលថ្ម 4030mAh ទ្រទ្រង់ជាមួយដុំសាកកម្លាំង 18W និងប្រើប្រាស់បន្ទះឈីប Snapdragon 665 មិនមែន 730 ទេ។ វាមានកាមេរ៉ាមុខទំហំ 32 មេហ្គាភិចសែល ឯលេនទាំង 3 គ្រាប់ខាងក្រោយ ជា AI កាមេរ៉ា ដែលមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល និងមានលេនមួយគ្រាប់ ជាប្រភេទ Ultra-Wide-angle ដែលមិនធ្លាប់លើ Mi A2 កន្លងមក។

សរុបមក នេះជាការបង្ហាញកាន់តែច្បាស់ បន្ថែមមួយកម្រិតទៀត លើស្មាតហ្វូនដែលដើរដោយ Android One ជំនាន់ថ្មី របស់ Xiaomi បន្ទាប់ពីមានការលេចធ្លាយ ជាច្រើនមក។ យ៉ាងណា ចំពោះថ្ងៃប្រកាសចេញ ជាផ្លូវការ យើងនៅមិនទទួលបាន នៅឡើយទេ សូម្បីតែ Xiaomi ក៏មិនទាន់បញ្ចេញ អោយបានដឹងដែរ។

ដកស្រង់ចេញពីCamborReport