បណ្តាញសង្គម

XiaomiMi​A3​ជំនាន់​ថ្មី​អាច​នឹង​នៅ​តែ​រក្សា​ក្រេ​ឌីត​ខ្លួន​បាន បើសិន​មាន​លក្ខណៈ​សម្បត្តិ​បែបនេះ​

ជិតគ្រប់មួយឆ្នាំហើយ ដែលវត្តមានស្មាតហ្វូន ដំណើការដោយ Android One ជំនាន់ទី 2 របស់ក្រុមហ៊ុន Xiaomi ម៉ូឌែល Mi A2 និង Mi A2 Lite បានចរាចរណ៍ នៅលើទីផ្សារ ហើយវាក៏នៅតែជាស្មាតហ្វូន

ដែលទទួលបានប្រជាប្រិយភាព មិនចាញ់បងធំរបស់វាឡើយ។ យ៉ាងណា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបង្ហោះចេញ Poster មួយសន្លឹក បញ្ជាក់ពីស្មាតហ្វូន Android One ដែលលក់ដាក់បានច្រើនជាងគេ លើពិភពលោក បានត្រលប់មកវិញទៀតហើយ គឺមានន័យថា ជំនាន់ទី 3 ថ្មីលើត្រកូល Mi A ត្រៀមបង្ហាញខ្លួនឆាប់ៗ ខាងមុខហើយ។

យ៉ាងណា ស្រាប់តែនៅថ្ងៃនេះ រូបភាពនៃស្មាតហ្វូន Xiaomi Mi A3 ត្រូវបានគេបង្ហាញជារូបរាង ពេញមួយតួខ្លួន តែម្តង ក្នុងជម្រើស 3 ពណ៌ ជាមួយផ្ទៃអេក្រង់លាត មានអុជដោយឆកតំណក់ទឹក មិនមែនជាអេក្រង់លាតធម្មតា ដូចម៉ូឌែល Mi A2 ទេ។ កាន់តែពិសេសនោះ កាណុងកាមេរ៉ាក្រោយលើ Mi A3 គឺមិនមែន 2 គ្រាប់ដូចមុនឡើយ ដោយវាមានចំនួន 3 គ្រាប់ ដើម្បីអោយស៊ីគ្នា ជាមួយលេខជំនាន់ទី 3 របស់ខ្លួន។ នៅជួរខាងក្រោម យើងឃើញមានរន្ធសាកថ្ម ជាប្រភេទ USB-C និងរន្ធបំពងសំលេង ចំណែកជួរខាងលើ មានរន្ធដោតកាស និងរន្ធស្រូបសំលេង។

លើសពីនេះ Mi A3 ថ្មី ក៏ត្រូវបានគេបង្ហាញ ពីលក្ខណៈសម្បត្តិមួយចំនួន ផងដែរ ដោយវាអាចមានអេក្រង់ទំហំ 6 អ៊ីញ ជាប្រភេទ AMOLED និងមានកម្រិតបង្ហាញរូបភាព Full HD+។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់ឈីប Snapdragon 730 (ឬអាចត្រឹម SD 665), មានរ៉េមទំហំ 4GB, អង្គផ្ទុកទិន្នន័យ 64GB / 128GB និងអាចបន្ថែមមេម៉ូរីក្រៅបាន។ ទៅលើផ្នែកកាមេរ៉ាមុខ វាអាចមានទំហំ 32 មេហ្គាភិចសែល ឯកាណុងកាមេរ៉ាទាំង 3 គ្រាប់ អាចមានទំហំ 48 មេហ្គាភិចសែល (ជាកាមេរ៉ាគោល) + 8 មេហ្គាភិចសែល + 2 មេហ្គាភិចសែល។ យោងតាមរូបភាពនេះ គឺមិនមានឃើញសេនស័រ ស្កេនម្រាមដៃ នៅខ្នងក្រោយទៀតទេ ប៉ុន្តែវាអាចនឹងជំនួយដោយការស្កេនម្រាមដៃ លើអេក្រង់វិញ។ 

 ជាចុងក្រោយ Mi A3 ជំនាន់ថ្មី អាចនឹងមានថាមពលថ្មទំហំ 4000mAh និងនៅតែជាស្មាតហ្វូន Android One ដដែល ស្ថិតក្នុងស្តុក Android Pie។ យ៉ាងណា ចំពោះថ្ងៃប្រកាសចេញ ជាផ្លូវការពេលណា អោយជាក់លាក់នោះ យើងនៅមិនទាន់ទទួលបាន ពីខាង Xiaomi នៅឡើយទេ ប៉ុន្តែយើងនឹងបង្ហាញ ដល់ប្រិយមិត្តម្តងទៀត នៅពេលក្រោយ។

ដកស្រង់ចេញពីCamborReport