បណ្តាញសង្គម

Huawei Mate 20 X 5G នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​នេះ​ហើយ

ដូចដែលយើងធ្លាប់បានដឹងហើយថា កាលពីចុងឆ្នាំមុន Huawei បានប្រកាស ដាក់លក់ស្មាតហ្វូនត្រកូល Mate របស់ខ្លួនជាផ្លូវការ នៅលើទីផ្សារ ដែលមានចំនួន 3 ស៊េរីរួមមាន Mate 20, Mate 20 Pro និង Mate 20X ។

ហើយនៅក្នុងខែ ឧសភា ក្នុងឆ្នាំនេះ ក្រុមហ៊ុនយក្សចិនមួយនេះ បានប្រកាសត្រកូល 20 X មួយម៉ូឌែលទៀត មានឈ្មោះថា Mate 20X 5G ដោយគោលដៅ ផ្តោតសំខាន់ទៅលើ បច្ចេកវិទ្យា 5G រីឯលក្ខណៈសំខាន់ ផ្សេងៗទៀត គឺវាមិនខុសគ្នាប៉ុន្មានទេ បើប្រៀបជាមួយ Mate 20 X ។

ជាក់ស្ដែង នៅក្នុងថ្ងៃនេះ ក្រុមហ៊ុនខាងលើក៏បានបង្ហាញពីកាលបរិច្ឆេទ នៃការដាក់លក់ទូរសព្ទ 5G ដំបូងរបស់ខ្លួន មួយនេះ យ៉ាងច្បាស់ផងដែរ បើគិតទៅ គឺមិនឲ្យរំលងផុត ពីខែនេះទេ បើទោះបីជាពេលនេះ ហាក់នៅមានភាព ស្រពិចស្រពិលជាមួយ Android នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននេះត្រូវបាន ប្រកាសរួចហើយថា នឹងភ្ជាប់មក ជាមួយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ទី 9 ហើយនឹងត្រូវដាក់លក់ នៅក្នុងទីផ្សារស្រុកចិន ចាប់ពីថ្ងៃទី 26 ខែនេះតទៅ។ លើសពីនេះទៀត ចំពោះទីផ្សារ ប្រទេសដទៃទៀត ដូចជានៅក្នុងប្រទេស អ៊ីតាលី ត្រូវបានដាក់ឲ្យ Pre-order នៅថ្ងៃទី 22 ក្នុងផ្សារ Amazon ហើយនិងនៅអារ៉ាប់រួម ចាប់ពីថ្ងៃទី 12 កក្កដា ផងដែរ។

គួររំលឹកថា Huawei Mate 20 X 5G មានលក្ខណៈស្រដៀងទៅនឹង Mate 20 X ធម្មតាច្រើនដែរ គ្រាន់តែមានអេក្រង់ធំដល់ 7.2 អ៊ីញ ជាមួយសម្ថភាព កាមេរ៉ាដូចគ្នាដែរ។ រីឯអ្វីដែល វាមានការដំឡើង បន្ថែមពីលើ Mate 20 X  នោះគឺ មានទំហំថ្មធំរហូតដល់ 5000mAh មានរ៉េមទំហំ 8GB បញ្ចូលអង្គផ្ទុកទំហំ 256GB ព្រមទាំងមានម៉ូដឹម 5G Belong 5000 ទៀតផង។ មួយវិញទៀត ចំពោះទីផ្សារប្រទេសផ្សេងៗ មួយចំនួនទៀត ក៏មិនទាន់ប្រាកដថា អាចនឹងមានវត្តមាននៅឡើយទេ ព្រោះដោយសារតែ អនាគតរបស់ Huawei ជាមួយ Android មិនទាន់ច្បាស់ការ នៅឡើយ។

ដូច្នេះ Huawei Mate 20 X 5G នឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងខែនេះ ទៅតាមបណ្ដាប្រទេសផ្សេងៗ ជាមួយកាលបរិច្ឆេទ លក់ខុសៗគ្នា។ អញ្ចឹងហើយ សម្រាប់អ្នកដែលមានបំណងចង់បានទូរសព្ទ 5G អេក្រង់ធំ គួរតែត្រៀមលុយ ឲ្យស្រេចទៅ ព្រោះថាប្រហែលមិនយូរទៀតទេ វាអាចនឹងមានវត្តមាន ជាផ្លូវការ ក្នុងស្រុកយើងដែរហើយ ប៉ុន្តែក៏មិនទាន់ច្បាស់ ពីថ្ងៃដែលវាមកដល់ នោះដែរ ហើយក៏មិនទាន់ដឹងដែរទេថា ពេលណាទើបស្រុកយើង អាចប្រើប្រាស់ប្រព័ន្ធ 5G ទេ។ ហើយខ្ញុំគិតថា ទូរសព្ទមួយនេះ វាមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ បានគ្រប់កាលៈទេសៈ ហើយរឹតតែសាកសមបំផុត សម្រាប់អ្នកមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការជះលុយ ទៅលើវា។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្រុមហ៊ុនស្មាត ទើបតែធ្វើការតេស្តល្បឿនប្រព័ន្ធ 5G អញ្ចឹងបើសិនក្រុមហ៊ុនេះ បញ្ចេញប្រព័ន្ធនេះជាផ្លូវការឆាប់ៗ នោះយើងមានសង្ឃឹមច្រើន ថា Huawei នឹងនាំម៉ូឌែល Mate 20 X 5G នេះមកកាន់ទីផ្សារស្រុកយើងហើយ។

ដកស្រង់ចេញពីCamborReport