បណ្តាញសង្គម

ស្វាមី​ល្អ! ខេមរៈ សិរីមន្ត បាំង​ឆត្រ​ឲ្យ​ភរិយា ដើរ​កម្សាន្ត​នៅ​អង្គរ​វត្ត​ សាង​អនុស្សាវរីយ​​ផ្អែម​ល្ហែម

ទើបតែប៉ុន្មាននាទីមុននេះប៉ុណ្ណោះ ដែលរូបភាពច្រើនសន្លឹករបស់តារាចម្រៀង ខេមរៈ សិរីមន្ត និងភរិយាព្រមទាំងកូនផង ទៅកម្សាន្តនៅអង្គរវត្តនាខេត្តសៀមរាប ត្រូវបានលេចឡើងលើបណ្ដាញសង្គម ដែលក្រោយមកគេឃើញ អ្នកគាំទ្រលោកជាច្រើនបានចូលរួមអបអរ។

ចាប់តាំងពីបើកចំហទំនាក់ទំនងជាស្វាមី ភរិយា នឹងគ្នា គេឃើញជារឿយៗ សិរីមន្ត រមែងនាំភរិយា ទៅកម្សាន្ត ឬទៅកម្មវិធីនានា ខុសពីពេលមុន ដែលលោកលាក់ជិតឈឹង បើទោះអ្នកសារព័ត៌មានចាប់បានភស្តុតាងម្ដងហើយម្ដងទៀតក៏ដោយ ក៏លោកនៅតែបដិសេធដែរ។

ប៉ុន្តែក្រោយពីចូលហង្សមាសមកលោក សិរីមន្ត ចាប់ផ្ដើមផ្លាស់ប្ដូរ១៨០ដឺក្រេ ដោយបានប្រកាសពីចំណងទាក់ទងដែលលោកបានព្យាយាមបិទបាំងជាច្រើនឆ្នាំមកហើយ។ ដូចបានឃើញនៅពេលនេះ សិរីមន្ត បាននាំក្រុមគ្រួសារទៅកម្សាន្តនៅទឹកដីអង្គរដោយបើកចំហក្នុងលក្ខណៈក្រុមគ្រួសារ ដោយលោកមិនបានចំណាយពេល និងធនធានទៅកម្សាន្តនៅបរទេសឡើយ។

តាមរយៈរូបភាពដែលលេចចេញលើទំព័រផ្ទាល់ខ្លួនរបស់លោក គេឃើញតារាចម្រៀងមកពីខេត្តកំពង់ចាម ពិតជាយកចិត្តទុកដាក់នឹងភរិយាមែនទែន ដោយលោកថែមទាំងដើរបាំងឆត្រជូនភរិយាស្រស់ស្អាតរបស់លោកទៀតផង បើទោះលោកជាតារាល្បីមួយរូបក៏ដោយ។ ភរិយារបស់លោក ត្រូវបានគេស្គាល់ថាមានឈ្មោះ "ផល្លី" មានវ័យប្រមាណ ៣០ឆ្នាំ ពួកលោកបានរៀបការនឹងគ្នាតាំងពីឆ្នាំ ២០០៩។

មកដល់បច្ចុប្បន្នលោក សិរីមន្ត និងភរិយា មានកូនចំនួន ៣នាក់ហើយ ហើយកូនម្នាក់ក្នុងចំណោម៣នាក់ ជាស្រីមានឈ្មោះថា "ខេមរៈ ស្ត្រី" មានមុខមាត់ដូចបេះបិតនឹងលោកតែម្ដង៕

 

 

 

 

 

 

 

 ដកស្រង់ពី៖ Sabay